(ប៉ារីស)៖ ក្រសួងសុខាភិបាលបារាំងបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ជិត៣០,០០០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ខណៈចំនួនអ្នកបានទទួលការចាក់វ៉ាក់សាំងដូសដំបូងកើនលើស ៥លាននាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១។

បើតាមក្រសួងសុខាភិបាលបារាំង ពេញមួយថ្ងៃសៅរ៍ម្សិលមិញ អ្នកឆ្លង COVID-19 ២៩,៧៥៩នាក់ ត្រូវបានរាយការណ៍ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៤,០៤៥,៣១៩នាក់។ បន្ថែមពីលើនេះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នានេះ ជំងឺ១៦៩នាក់ក៏បានស្លាប់ផងដែរនាំឱ្យអ្នកស្លាប់សរុបកើនដល់ ៩០,៣១៥នាក់ ខណៈអ្នកជាសះស្បើយឡើងវិញមានចំនួន ២៧២,៦១៥នាក់។

គួរបញ្ជាក់ថា បច្ចុប្បន្នបារាំងគឺជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេជាប់ចំណាត់ថ្នាក់លេខ៦ បន្ទាប់ពីចក្រភពអង់គ្លេស។ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ មនុស្ស ២៤១,៨១៤នាក់បានទទួលការចាក់វ៉ាក់សាំងដូសដំបូង ធ្វើឱ្យចំនួនអ្នកចាក់វ៉ាក់សាំងដូសដំបូងកើនដល់ ៥,០៦១,៧៣៨នាក់ ឬស្មើនឹង៧.៦ភាគរយនៃប្រជាជនបារាំងសរុប។ ព្រមពេលជាមួយគ្នា មនុស្ស ២,២៣៦,០៦៦នាក់ ក៏បានចាក់វ៉ាក់សាំងដូសទី២របស់ពួកគេផងដែរ៕