(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បាននិយាយដោយរំពឹងថាសិង្ហបុរីអាចនឹងចាប់ផ្ដើមបើកព្រំដែនរបស់ខ្លួនឡើងវិញ នៅត្រឹមចុងឆ្នាំ២០២១នេះ ខណៈបណ្ដាប្រទេសជាច្រើនកំពុងពន្លឿនការចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១។

សិង្ហបុរីបានហាមឃាត់ការធ្វើដំណើរកម្សាន្ត តែលើកលែងចំពោះការធ្វើដំណើរដើម្បីមុខជំនួញ និងកម្មវិធីធ្វើដំណើរផ្លូវការមួយចំនួនហើយបច្ចុប្បន្ន ប្រទេសអាស៊ាន មួយនេះក៏កំពុងពិភាក្សាផងដែរលើការទទួលស្គាល់គ្នាទៅវិញទៅមកលើវិញ្ញាបនបត្រចាក់វ៉ាក់សាំងជាមួយបណ្ដាប្រទេសដទៃ។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ BBC ដែលត្រូវបានចាក់ផ្សាយនៅថ្ងៃអាទិត្យនេះ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានបង្ហាញក្ដីសង្ឃឹមថាសិង្ហបុរីអាចនឹងចាប់ផ្ដើមបើកព្រំដែនរបស់ខ្លួន ឡើងវិញ នៅត្រឹមចុងឆ្នាំ២០២១នេះ។

លោក លី បានគូសញ្ជាក់ដូច្នេះថា៖ «ខ្ញុំសង្ឃឹមថាបើសិនជាប្រទេសជាច្រើន អាចសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ពួកគេយ៉ាងយូរនៅក្នុងឆ្នាំនេះ, យើងអាចនឹងមានទំនុកចិត្ត ហើយអាចនឹងអភិវឌ្ឍប្រព័ន្ធដើម្បីបើកព្រំដែនអន្តរជាតិរបស់យើងឡើងវិញ សម្រាប់ការធ្វើដំណើរប្រកបដោយសុវត្ថិភាពសាជាថ្មី...ដូច្នេះ រំពឹងថានៅត្រឹមចុងឆ្នាំ២០២១នេះ ឬក៏នៅឆ្នាំក្រោយ ទ្វារព្រំដែនអាចនឹងចាប់ផ្ដើមបើកជាថ្មី»

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែមីនានេះ ប្រទេសសិង្ហបុរីដែលមានប្រជាជន ៥.៧លាននាក់ ចាក់វ៉ាក់សាំង COVID-19 បានត្រឹមតែ ៦១១,០០០ដូសតែប៉ុណ្ណោះ ដែល នេះមានភាពយឺតយ៉ាវបើធៀបទៅនឹងប្រទេសមានប្រជាជនច្រើនដទៃ។ តែទោះបែបនេះក្ដី សិង្ហបុរីបានអះអាងថាមានផែនការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន គ្រប់គ្នានៅចុងឆ្នាំ២០២១នេះ៕