(អូស្លូ)៖ បុគ្គលិកសុខាភិបាល៣នាក់ នៅក្នុងប្រទេសន័រវែសដែលទើបតែបានទទួលការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca កាលពីពេលថ្មីៗ នេះ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ បន្ទាប់ពីពួកគេមានបញ្ហាកំណកឈាមនៅក្នុងសសៃឈាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១។

ប្រទេសន័រវែស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានសម្រេចចិត្តផ្អាកការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ខណៈប្រទេសដាណឺម៉ាក អ៉ីស្លង់ និងប្រទេស ជាច្រើនទៀតនៅក្នុងតំបន់អឺរ៉ុបក៏បានសម្រេចចិត្តផ្អាកដូចគ្នានេះដែរ ក្រោយមានសេចក្ដីរាយការណ៍ថាមនុស្សមួយចំនួនដែលបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន មួយនេះមានកំណកឈាមដុំៗនៅក្នុងសសៃឈាម។ ថ្លែងប្រាប់អ្នកសារព័ត៌មាន មន្ត្រីសុខាភិបាលជាន់ខ្ពស់ន័រវែស លោក ស៊ីហ្គូដ ហ័រតេម៉ូ (Sigurd Hortemo) បានឱ្យដឹងថាគេមិនទាន់អាចកំណត់បានថាតើបញ្ហាដែលកើតឡើង គឺវាបណ្ដាលមកពីវ៉ាក់សាំង ឬក៏យ៉ាងណានោះទេ ហើយបុគ្គលិកសុខាភិបាលទាំង៣នាក់ ខាងលើសុទ្ធតែមានអាយុក្រោម៥០ឆ្នាំ។

គួរបញ្ជាក់ថា ខណៈអាជ្ញាធរនិយ័តកម្មឱសថអឺរ៉ុបកំពុងធ្វើការស៊ើបអង្កេតលើបញ្ហាកំណកឈាមក្នុងសសៃឈាម អង្គការសុខភាពពិភពលោកបាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា គ្មានហេតុផលណាមួយដែលត្រូវបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca នោះទេ៕