(ឡុងដ៍)៖ ក្រុមហ៊ុន AstraZeneca នៅថ្ងៃសៅរ៍នេះ បានប្រកាសពីការកាត់បន្ថយមួយកម្រិតថ្មីមួយទៀត នូវគោលដៅនៃចំនួនវ៉ាក់សាំង ដែលខ្លួនសង្ឃឹមថានឹងអាចផ្គត់ផ្គង់ឲ្យទៅសហភាពអឺរ៉ុបបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។

ក្រុមហ៊ុន AstraZeneca បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «AstraZeneca ពិតជាខកចិត្តជាខ្លាំង ក្នុងការប្រកាសអំពីការកាត់ បន្ថយគោលដៅនៃចំនួនវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវផ្គត់ផ្គង់ឲ្យសហភាពអឺរ៉ុប (EU) ខណៈក្រុមហ៊ុនបានខិតខំប្រឹងប្រែង ណាស់ដែរ ដើម្បីពន្លឿនការការផ្គត់ផ្គង់»។ បើតាមក្រុមហ៊ុន AstraZeneca មូលហេតុគឺដោយសារតែ បញ្ហាខ្សែចង្វាក់ផលិតកម្ម និងការរឹតត្បិតលើការនាំចេញ។

គួរបញ្ជាក់ថា AstraZeneca បានចាប់ផ្តើមការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ទៅកាន់ EU កាលពីខែកុម្ភៈ កន្លងមកនេះ ហើយទោះជាមានការកាត់បន្ថយក៏ដោយ ក្រុមហ៊ុននៅតែគ្រោងប្រគល់វ៉ាក់សាំងឲ្យបាន ១០០លានដូស នៅក្នុងមួយឆមាសដំបូងនៃឆ្នាំ២០២១ ដោយក្នុងនោះ ៣០លានដូសត្រូវបានរំពឹងថា នឹងបានដល់ដៃ EU នៅក្នុងត្រីមាសទី១៕