(ឡុងដ៍)៖ នាពេលថ្មីៗនេះ ព័ត៌មាននៅអង់គ្លេស បានចុះផ្សាយថា យោងតាមទិន្នន័យជំហានដំបូង នៃការស្រាវជ្រាវថ្មីមួយរបស់ប្រេស៊ីល បានឱ្យដឹងថា វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Sinovac របស់ប្រទេសចិន អាចប្រឆាំងដោយមានប្រសិទ្ធភាពនឹងវីរុស COVID-19 បំប្លែងខ្លួនថ្មីប្រភេទ P1 ដែលត្រូវបានរកឃើញនៅប្រទេសប្រេស៊ីល។

បច្ចុប្បន្ន ប្រទេសប្រេស៊ីលបាននិងកំពុងបន្តយុទ្ធនារការចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-19 នៅទូទាំងប្រទេស ដោយវ៉ាក់សាំង Sinovac របស់ប្រទេសចិន បានផ្តល់ការគាំទ្រដល់កិច្ចប្រឹងប្រែងទប់ទល់ នឹង ការរាតត្បាតនៃជំងឺ COVID-19 ក្នុងតំបន់អាមេរិកឡាទីន។ វ៉ាក់សាំង Sinovac របស់ចិន គឺជាវ៉ាក់សាំងដ៏សំខាន់ ដែលត្រូវបានប្រើប្រាស់នៅប្រទេសប្រេស៊ីល។

គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងសុខាភិបាលប្រេស៊ីលកាលពីលើកមុន វ៉ាក់សាំង Sinovac របស់ប្រទេសចិន មានប្រសិទ្ធភាពដូចគ្នា ក្នុងការប្រឆាំងនឹងវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅប្រទេសអង់គ្លេស និងអាហ្វ្រិកខាងត្បូង៕