(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ចំនួនជាង ៥,០០០នាក់បន្ថែមទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេលជិត ៧ខែកន្លងទៅនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់ ៦១៦,៦១១ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។

ចំនួនករណីឆ្លងនៅថ្ងៃសៅរ៍នេះ គឺជាចំនួនកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ខណៈ DOH បានរាយការណ៍ពីការរកឃើញអ្នកឆ្លងចំនួន ៥,២៧៧នាក់។ ចំនួនអ្នកស្លាប់ ក៏បានកើនឡើងដល់ ១២,៧៦៦នាក់ផងដែរ បន្ទាប់ពីអ្នកជំងឺ ៧២នាក់ទៀតបានស្លាប់ ដោយសារវីរុសឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ ដោយឡែកចំនួនអ្នកជំងឺដែលបានជាសះស្បើយ សរុបកើនឡើងដល់ ៥៤៧,១៦៦នាក់។

គួរបញ្ជាក់ថា ហ្វីលីពីនដែលមានប្រជាជនសរុប ១១០លាននាក់ បានធ្វើតេស្តរកវីរុស COVID-19 លើមនុស្ស ៨.៥លាននាក់ហើយ គិតចាប់តាំងពីវីរុសនេះបានចាប់ផ្តើម រាតត្បាតជាលើកដំបូងក្នុងប្រទេស កាលពីខែមករា ឆ្នាំ២០២០មកម៉្លេះ៕