(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤,៥៧៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិត៦ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។

បើតាមក្រសួងសុខាភិបាលហ្វីលីពីន ក្នុងរយៈពេលមួយថ្ងៃដូចគ្នា អ្នកស្លាប់ថ្មីដោយសារ COVID-19 ចំនួន៨៧នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ហើយបូកបញ្ចូល តួលេខថ្មីទាំងនេះធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៦១១,៦១៨នាក់ ក្នុងនោះអ្នកស្លាប់កើនដល់ ១២,៦៩៤នាក់ ខណៈ៥៤៦,៩១២នាក់ បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា ដោយសារតែមើលឃើញពីការកើនឡើងជាថ្មីនៃករណីឆ្លង COVID-19 រដ្ឋាភិបាលហ្វីលីពីននឹងអនុវត្តនូវបម្រាមគោចរក្នុងទីក្រុងម៉ានីល ចាប់ពីម៉ោង ១០៖០០នាទីយប់ រហូតដល់ម៉ោង ៥៖០០នាទីព្រឹក ដើម្បីកាត់បន្ថយការប្រមូលផ្ដុំគ្នា៕