(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១នេះបានប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន០២ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៊ានមួយនេះកើនដល់ ២,៥២៦ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។

បើតាមក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងទៀតថា ករណីឆ្លងថ្មីៗទាំងអស់ខាងលើ សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ដោយពុំមានករណីឆ្លងក្នុងសហគមន៍ឡើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២,៥២៦ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ២,០០៤នាក់។ រលកចុងក្រោយនៃការឆ្លងរីករាលដាលជំងឺ COVID-19 បានវាយប្រហារប្រទេសវៀតណាមនៅថ្ងៃទី២៨ ខែមករា ដោយមានករណីឆ្លងក្នុងសហគមន៍ ចំនួន៨៩៤ករណី ដែលត្រូវបានរាយការណ៍ចេញពីទីក្រុង និងខេត្តចំនួន១៣៕