(ម៉ូស្គូ)៖ ក្រុមអ្នកអភិវឌ្ឍវ៉ាក់សាំង Sputnik V ដែលជាវ៉ាក់សាំងរបស់ប្រទេសរុស្ស៉ី សម្រាប់បង្ការជំងឺ COVID-19 នៅថ្ងៃអង្គារនេះ បានចេញមុខចោទសួរទៅលើ អព្យាក្រឹត្យភាពនៃទីភ្នាក់ងារសុវត្ថិភាពឱសថរបស់សហភាពអឺរ៉ុប ហៅកាត់ថា EMA បន្ទាប់ពីមន្រ្តីជាន់ខ្ពស់ម្នាក់របស់ទីភ្នាក់ងារនេះ បានណែនាំឲ្យប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) កុំទាន់ផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង Sputnik V។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។

កំឡុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយប្រទេសអូទ្រីស ORF កាលពីថ្ងៃអាទិត្យសប្តាហ៍មុន មន្រ្តីជាន់ខ្ពស់ខាងលើនៃទីភ្នាក់ងារ EMA គឺលោកស្រី គ្រីស្តា វើស៊ូមម័រ ហច (Christa Wirthumer-Hoche) បានឲ្យដឹងថា លោកស្រីបានណែនាំឲ្យបណ្តាប្រទេសជាសមាជិក EU កុំទាន់អាលផ្តល់ការអនុម័តប្រើប្រាស់វ៉ាក់សាំង Sputnik V ខណៈទីភ្នាក់ងារ EMA កំពុងនៅតែវាយតម្លៃលើសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះនៅឡើយ។

ពាក់ព័ន្ធរឿងនេះ ក្រុមអ្នកអភិវឌ្ឍវ៉ាក់សាំង Sputnik ក៏បានចេញមុខប្រតិកម្មចំពោះសម្តីលោកស្រី Wirthumer-Hoche ហើយទាមទារឲ្យលោកស្រីសុំទោសជាសាធារណៈថែមទៀតផង។ បើតាមពួកគេ វ៉ាក់សាំង Sputnik V ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅតាមប្រទេសចំនួន៤៦ហើយ ជុំវិញពិភពលោក ដើម្បីជួយដល់កិច្ចប្រឹងប្រែងទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19។

គួរបញ្ជាក់ថា វ៉ាក់សាំងរុស្ស៉ី Sputnik V ត្រូវបានអនុម័តឲ្យប្រើប្រាស់រួចជាស្រេច ឬក៏កំពុងស្ថិតក្រោមការវាយតម្លៃដើម្បីឈានទៅអនុម័តឲ្យប្រើប្រាស់ នៅក្នុងប្រទេសជាសមាជិក EU ចំនួន០៣ រួមមានហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆែក៕