(ញូដេលី)៖ អាជ្ញាធរនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានស្នើសុំឱ្យទីក្រុងញូដេលីបញ្ជូនប៉ូលិសជាច្រើននាក់ត្រឡប់មកវិញ បន្ទាប់ពីពួកគេលួចរត់ឆ្លងដែនចូលទៅក្នុងទឹកដី ឥណ្ឌា ដោយសារតែមិនចង់អនុវត្តតាមបទបញ្ជាបង្រ្កាបលើក្រុមបាតុករ។ នេះបើតាមអាជ្ញាធរឥណ្ឌា ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១។

បើតាមក្រុមមន្ត្រីព្រំដែនឥណ្ឌា ប៉ូលិសមីយ៉ាន់ម៉ា និងសមាជិកគ្រួសាររបស់ពួកគេប្រហែលជា ៣០នាក់បានឆ្លងដែនពីមីយ៉ាន់ម៉ា ចូលមកជ្រកកោនក្នុងទឹកដីឥណ្ឌា កាលពីប៉ុន្មានថ្ងៃមុននេះ ខណៈរដ្ឋាភិបាលយោធាកំពុងបង្កើនការដាក់សម្ពាធលើក្រុមបាតុករ។ មន្ត្រីព្រំដែនឥណ្ឌាម្នាក់នៅក្នុងស្រុក Champhai រដ្ឋ Mizoram បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកស្រីទទួលបានលិខិតមួយច្បាប់ពីភាគីមីយ៉ាន់ម៉ា ដែលបានស្នើសុំឱ្យឥណ្ឌាបញ្ជូនមន្ត្រីប៉ូលិស៨នាក់ដែលលួចរត់ឆ្លងដែន ត្រឡប់មកមីយ៉ាន់ម៉ាវិញដើម្បីរក្សាទំនាក់ទំនង មិត្តភាពរវាងប្រទេសទាំង២។

តែយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះរដ្ឋាភិបាលឥណ្ឌា មិនទាន់ធ្វើអត្ថាធិប្បាយអ្វីជុំវិញសេចក្ដីរាយការណ៍ខាងលើនោះទេ ដោយគ្រាន់តែបញ្ជាក់ថាពួកគេកំពុងស្វែងរក ការពិត៕