(ប៉េកាំង)៖ កាលពីថ្ងៃទី ៤ ខែមីនា សន្និសីទសារព័ត៌មាននៃកិច្ចប្រជុំលើកទី ៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានបើកធ្វើនៅក្រុងប៉េកាំង។ លោកអ្នកនាំពាក្យនៃមហាសន្និបាត បានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីរបៀបវារៈនៃមហាសន្និបាត និងបញ្ហាពាក់ព័ន្ធនឹងការងារ នៃសភាតំណាងប្រជាជន។

អំពីកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងជំងឺឆ្លង លោក Zhang Yesui បានលើកឡើងថា ប្រទេសចិនធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្នែកទប់ទល់នឹងជំងឺឆ្លង មិនដែលបន្ថែមលក្ខខណ្ឌនយោបាយណាមួយនោះឡើយ គឺដើម្បីការពារសន្តិសុខខាងអាយុជីវិត និងសុខភាពរបស់មនុស្សកាន់តែច្រើន។ រដ្ឋាភិបាលចិនបាននិងកំពុងផ្តល់ជំនួយជាវ៉ាក់សាំង ដោយឥតគិតថ្លៃដល់ប្រទេសជាង ៦០ ដែលមានតម្រូវការ ហើយបានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១០លានដូសដល់ផែនការអនុវត្ត អំពីវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ របស់អង្គការសុខភាពពិភពលោក ដើម្បីបំពេញតម្រូវការរបស់ ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងករណីបន្ទាន់។

អំពីបញ្ហាហុងកុង លោកបានឧទ្ទេសនាមថា របបបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុង គឺជាចំណែកដ៏សំខាន់នៃប្រព័ន្ធនយោបាយ នៃតំបន់រដ្ឋបាលពិសេស ស្ថានភាពនាប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្ហាញឱ្យឃើញថា របបបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុង ត្រូវតែវិវឌ្ឍតាមនិន្នាការអភិវឌ្ឍ និងធ្វើឱ្យមានសុក្រឹតភាព។

កិច្ចប្រជុំលើកទី ៤ នៃមហាសន្និបាតសភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី ១៣ មានរយៈពេល ៧ថ្ងៃ គឺសម្ពោធបើកនៅព្រឹកថ្ងៃទី ៥ ខែមីនា ហើយបិទបញ្ចប់នៅថ្ងៃទី ១១ ខែមីនា៕