(ញូយ៉ក)៖ អគ្គរដ្ឋទូតរបស់យោធាមីយ៉ាន់ម៉ា ប្រចាំអង្គការសហប្រជាជាតិ (UN) បានសម្រេចចិត្តលាលែងពីតំណែងវិញដោយបញ្ជាក់ថា អគ្គរដ្ឋទូតដែលត្រូវបានរដ្ឋាភិបាលយោធា បណ្ដេញចេញពីតំណែងកាលពីពេលថ្មីៗនេះ នៅតែបន្តកាន់តំណែងជា តំណាងអចិន្ត្រៃយ៍របស់មីយ៉ាន់ម៉ាដដែល។ នេះបើតាមប្រភពពីអ្នកនាំពាក្យ UN ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។

លោក ធីន ម៉ង នែង (Tin Maung Naing) ត្រូវបានតែងតាំងជាអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មី ប្រចាំអង្គការសហប្រជាជាតិ ភ្លាមៗបន្ទាប់ពីលោក ក្យរ ម៉ូ ថាន់ (Kyaw Moe Tun) ត្រូវបានយោធាដកតំណែងដោយសារតែលោកប្រកាស ផ្ដាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលយោធា និងបានសន្យាថាចូលរួមស្ដារលទ្ធិប្រជាធិបតេយ្យ រួមទាំងរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ឡើងវិញ។

ទោះជាយ៉ាងណា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកនាំពាក្យ UN លោក ស្ទេហ្វិន ឌូហ្សារិច (Stephane Dujarric) បាននិយាយថា បេសកកម្មទូតមីយ៉ាន់ម៉ាបានផ្ញើលិខិតមួយច្បាប់ ដោយជូនដំណឹងថា លោក Tin Maung Naing បានដាក់លិខិតលាលែងពីតំណែង ជាមួយការបញ្ជាក់ថា លោក Kyaw Moe Tun នៅតែបន្តកាន់តំណែងជា តំណាងអចិន្ត្រៃយ៍របស់មីយ៉ាន់ម៉ា ប្រចាំអង្គការសហប្រជាជាតិដដែល។

គួរបញ្ជាក់ថា ការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Tin Maung Naing មិនទាន់មានការបញ្ជាក់អ្វីឱ្យច្បាស់នៅឡើយទេ តែវាកើតឡើងបន្ទាប់ពី លោក Kyaw Moe Tun កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានផ្ញើលិខិតមួយច្បាប់ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយទទូចថារដ្ឋប្រហារនៅមីយ៉ាន់ម៉ា គឺជាទង្វើខុសច្បាប់ ហើយលោកក៏បានអះអាងបន្ថែមទៀតដែរថា រដ្ឋាភិបាលយោធាគ្មានសិទ្ធិអំណាចស្របច្បាប់ ដករូបលោកពីតំណែងនោះទេ៕