(បរទេស)៖ នាពេលថ្មីៗកន្លងទៅនេះ ប៉ូលិសអាមេរិកដែលត្រូវចោទប្រកាន់ ពីបទសម្លាប់លោក George Floyd បុរសអាមេរិកមានដើមកំណើតនៅអាហ្រ្វិក នឹងទទួលការកាត់ក្តីពីសំណាក់ក្រុមជំនុំជម្រះ។ ទោះបីជាហេតុការណ៍ដ៏សំខាន់នេះ ធ្លាប់បណ្តាលឱ្យកើតមានរលកប្រឆាំងតវ៉ា ដោយទ្រង់ទ្រាយធំនៅទូទាំងអាមេរិកក៏ដោយ ក៏ប៉ុន្តែវាហាក់ដូចជាមិនបាននាំមកនូវ ការផ្លាស់ប្តូរច្រើននោះទេ។ បច្ចុប្បន្ននេះ ប្រជាជនអាមេរិកនៅតែប្រឈមមុខ នឹងការពិតដែលថា ការរើសអើងពូជសាសន៍មាននៅគ្រប់ទីកន្លែង។

បើក្រឡេកមើលសំណុំរឿងមួយទៀតកាលពីរយៈពេល១០ថ្ងៃមុនក៏ដឹងច្បាស់ថា តើពូជសាសន៍និយមបានជ្រៀតចូលឆ្អឹងរបស់ប្រព័ន្ធប៉ូលីសនិងយុត្តិធម៌របស់សហរដ្ឋអាមេរិកយ៉ាងណា។នៅថ្ងៃទី២៣ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ មហាក្រុមជំនុំជម្រះអាមេរិកបានប្រកាសថា ទាក់ទិននឹងសំណុំរឿងដែលលោក Daniel Prude បុរសមានដើមកំណើតនៅអាហ្រ្វិកបានស្លាប់ ដោយរងកម្លាំងហិង្សាពីប៉ូលិសអាមេរិក និងបណ្តាលឱ្យមានការយកចិត្តទុកដាក់ យ៉ាងទូលំទូលាយនៅឆ្នាំ២០២០ ប៉ូលិសអនុវត្តច្បាប់នឹងមិនប្រឈមមុខ នឹងនីតិវិធីព្រហ្មទណ្ឌនោះទេ។ លទ្ធផលនេះមានសញ្ញាកត់សម្គាល់ថា អាមេរិកបានការពារប៉ូលិសអាមេរិក ក្នុងការអនុវត្តច្បាប់ដោយហិង្សាម្តងទៀត។

យ៉ាងណាមិញក្នុងកិច្ចប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលកំពុងបើកធ្វើនោះ ស្នងការពិសេសនិងអ្នកជំនាញអំពីបញ្ហាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិជាច្រើនរូប បានចេញសេចក្តីថ្លែងការណ៍រួម ដោយអំពាវនាវរដ្ឋាភិបាលអាមេរិក ឱ្យចាត់វិធានការកំណែទម្រង់យ៉ាងទូលំទូលាយ ដើម្បីទប់ស្កាត់អំពើហិង្សារបស់ប៉ូលិស ព្រមទាំងដោះស្រាយយ៉ាងពេញទំហឹងនូវបញ្ហាពូជសាសន៍និយម និងការរើសអើងពូជសាសន៍។

បើមើលពីប្រវត្តិសាស្រ្តមិនថា ការរើសអើងពូជសាសន៍ ឬមួយក៏ការតម្កល់ទុកមនុស្សស្បែកសជាចម្បងក៏ដោយ ក៏សុទ្ធតែមិនបានបញ្ចប់ស្របពេលនឹងការបញ្ចប់ នៃរបបទាសភាពរបស់អាមេរិកនោះទេ។ បើមើលពីការពិតជាក់ស្តែង អ្នកនយោបាយអាមេរិកមិនបំពេញភារកិច្ច រហូតដល់បំពេញភារកិច្ចដោយផ្តេសផ្តាស បានក្លាយជាអ្នកសមគំនិត ដែលបានបណ្តែតបណ្តោយឱ្យបញ្ហាពូជសាសន៍និយម រីករាលដាលតាមតែទំនើងចិត្ត។

លើសពីនេះទៅទៀត ដោយសារការចែកដាច់ពីគ្នាផ្នែកនយោបាយ មានភាពកាន់តែខ្លាំងឡើងៗ អ្នកនយោបាយដែលគិតពិចារណាតែសន្លឹកឆ្នោតទាំងនោះ មិនបានដោះស្រាយយ៉ាងពិតប្រាកដ នូវបញ្ហារើសអើងពូជសាសន៍ទាល់តែសោះ។ អ្វីដែលកាន់តែថោកទាបនោះ គឺទន្ទឹមគ្នានឹងបញ្ហាពូជសាសន៍និយមក្នុងប្រទេសអាមេរិក មានភាពកាន់តែធ្ងន់ធ្ងរឡើងជាបន្តបន្ទាប់ និងជាន់ឈ្លីលើសិទ្ធិមនុស្សរបស់ប្រជាជនអាមេរិកឥតឈប់ឈរ អ្នកនយោបាយអាមេរិកបែរជាយកបញ្ហា «សិទ្ធិមនុស្ស» ធ្វើជាលេស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ទង្វើមានស្តង់ដារពីរបែបនេះ ធ្វើឱ្យជនជាតិភាគតិចនៃសហរដ្ឋអាមេរិក ដែលកំពុងតស៊ូដើម្បីស្វែងរកសមភាពខាងពូជសាសន៍ រងការប្រមាថយ៉ាងខ្លាំង៕