(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានអំពាវនាវដល់បណ្តារដ្ឋអាមេរិកទាំងអស់ ឲ្យផ្តល់ការផ្តោតអាទិភាពនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់គ្រូបង្រៀន ដើម្បីធានាថា សិស្សនឹងអាចត្រឡប់ចូលសាលាវិញបានឆាប់ៗ និងដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។

ការអំពាវនាវរបស់លោកប្រធានាធិបតីអាមេរិក បន្ទាប់ពីឪពុកម្តាយជាច្រើនបាននាំគ្នាជំរុញ ឲ្យមានការបើកសាលារៀនឡើងវិញ។ បើតាម លោក បៃដិន រដ្ឋអាមេរិកជាង៣០ហើយ បានចាត់វិធានការដើម្បីធានាថា គ្រូបង្រៀនត្រូវទទួលបានអាទិភាពចាក់វ៉ាក់សាំង ហើយលោកបានបញ្ជាក់ថា រូបលោកកំពុងប្រឹងប្រែងប្រើប្រាស់អំណាចទាំងស្រុងរបស់រដ្ឋាភិបាលសហព័ន្ធ ដើម្បីបង្គាប់ឲ្យរដ្ឋប៉ុន្មានផ្សេងទៀត អនុវត្តគោលការណ៍នេះដូចគ្នា។

ជាចុងក្រោយ លោក បៃដិន បានបន្ថែមទៀត លោកនៅតែបន្តព្យាយាមជំរុញឲ្យមាន ការអាចបើកសាលារៀនឡើងវិញបានភាគច្រើន នៅទូទាំងប្រទេស កំឡុងរយៈពេល១០០ថ្ងៃនៃការឡើងកាន់អំណាច ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា វាត្រូវការជាចាំបាច់នូវការអនុម័តកញ្ចប់ថវិកាសង្រ្គោះទំហំ ១.៩ទ្រីលានដុល្លារ ដែលកំពុងឆ្លងកាត់សភា ដោយនៅក្នុងនោះ រួមមានថវិកាប្រមាណ១៣០ពាន់លានដុល្លារ សម្រាប់សាលារៀននានា៕