(វ៉ាស៉ីនតោន)៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានបោះឆ្នោតគាំទ្រដ៏លើសលុបលើសេដ្ឋវិទូនៃសាកលវិទ្យាល័យ Princeton លោកស្រី Cecilia Rouse ឱ្យធ្វើជាប្រធានទីប្រឹក្សានៃក្រុមប្រឹក្សាសេដ្ឋកិច្ចសេតវិមាន ដែលធ្វើឱ្យលោកស្រីក្លាយជាជនជាតិអាហ្រ្វិក-អាមេរិកដំបូងបង្អស់ដែល កាន់តំណែងនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។

ព្រឹទ្ធសភាអាមេរិក បានបញ្ជាក់ពីការតែងតាំងលោកស្រី Rouse នៅក្នុងការបោះឆ្នោតដែលមានសំឡេងគាំទ្រ៩៥ ទល់នឹង ៤សំឡេងជំទាស់។ សមាជិកព្រឹទ្ធសភា នៃគណបក្សសាធារណរដ្ឋ ០៤រូប ក្នុងនោះរួមមានលោក Tom Cotton និងលោក Rand Paul គឺជាអ្នកបោះឆ្នោតជំទាស់នឹងលោកស្រី។

គួរបញ្ជាក់ថា លោកស្រី Rouse ដែលបច្ចុប្បន្ន បម្រើការជាព្រឹទ្ធបុរសសាលាកិច្ចការសាធារណៈនិងអន្តរជាតិនៃសាកលវិទ្យាល័យ Princeton គឺជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា៕