(រ៉ង់ហ្គូន)៖ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្តនាំគ្នាធ្វើបាតុកម្មតវ៉ា ខណៈប្រធានាធិបតីមីយ៉ាន់ម៉ាត្រូវបានបណ្ដេញចេញពីតំណែង លោក យូ វីន ម្យីនត៍ (Win Myint) កំពុងប្រឈមមុខនឹងបទចោទថ្មីចំនួន២ករណី ក្នុងនោះមានទាំងការបំពានរដ្ឋធម្មនុញ្ញដែលបទចោទមួយនេះអាចឱ្យ លោកជាប់ពន្ធនាគារ៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។

លោក Win Myint ត្រូវបានយោធាចាប់ឃុំខ្លួនកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ជាមួយលោកស្រី អោង សាន ស៊ូជី និងមនុស្សច្រើននាក់ផ្សេងទៀត។ បើតាម មេធាវីរបស់លោក លោកប្រធានាធិបតីរូបនេះក៏កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទបំពានលើវិធានការទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ផងដែរ។ ក៏ប៉ុន្តែ ភ្លាមៗមេធាវីលោក Win Myint មិនបានបញ្ជាក់លម្អិតថាតើសវនាការរបស់លោកនឹងត្រូវធ្វើឡើងនៅពេលណាឱ្យប្រាកដនោះទេ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកអាស៊ាន បានជួបប្រជុំគ្នាតាមរយៈវីដេអូខុនហ្វេរិនកាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីស្វែងរកដំណោះស្រាយ នយោបាយបិទបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីទាំងនេះបានស្នើឱ្យមានការបញ្ឈប់អំពើហិង្សា និងចាប់ផ្ដើមកិច្ចចរចាមួយដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី មួយនៅមីយ៉ាន់ម៉ា។ យ៉ាងណាក៏ដោយ បាតុកម្មតវ៉ានៅតែបន្តកើតមានក្នុងទីក្រុងរ៉ង់ហ្គុន និងទីក្រុងផ្សេងទៀតរបស់មីយ៉ាន់ម៉ានៅថ្ងៃពុធនេះ បើទោះជាមានការព្រមាន បង្ក្រាបពីយោធាក៏ដោយ។ មកទល់នឹងពេលនេះមនុស្សយ៉ាងហោច២១នាក់ហើយ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខ និងបាតុករ គិតចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈមក៕