(ញូយ៉ក)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ (UN) នៃរដ្ឋាភិបាលស៊ីវិលដែលត្រូវបានទម្លាក់ពីអំណាច

របស់លោកស្រី អោង សាន ស៊ូជី បានទាស់សម្ដីនឹងគ្នាជុំវិញថាតើនរណាជាអ្នកតំណាងស្របច្បាប់របស់មីយ៉ាន់ម៉ានៅ UN។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។

អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំ UN លោក Kyaw Moe Tun បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលយោធា នៅចំពោះមុខមហាសន្និបាត UN កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ហើយទាំងបានសន្យាទៀតថាលោកនឹងចូលរួមជួយស្ដាររដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី ឡើងវិញ។ មួយថ្ងៃបន្ទាប់ ក្រោយការលើកឡើងបែបនេះ រដ្ឋាភិបាលយោធាបានប្រកាសបណ្ដេញ លោក Kyaw Moe Tun ចេញពីតំណែងភ្លាមៗ។ ក៏ប៉ុន្តែនៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Kyaw Moe Tun បានសរសេរលិខិតមួយច្បាប់ផ្ញើជូនប្រធានមហាសន្និបាតអង្គការសហប្រជាជាតិថាលោកនៅតែកាន់តំណែងជាអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំ UN ដដែល។

លោក Kyaw Moe Tun បានគូសបញ្ជាក់នៅក្នុងលិខិតនោះដូច្នេះថា៖ «ជនដែលនៅពីក្រោយការធ្វើរដ្ឋប្រហារដោយខុសច្បាប់...មិនមានសិទ្ធិដកតំណែងអាជ្ញាធរ ស្របច្បាប់នៃប្រធានាធិបតីរបស់ប្រទេសខ្ញុំឡើយ។ ដូច្នេះខ្ញុំសូមបញ្ជាក់ប្រាប់អ្នកថាខ្ញុំនៅតែជាតំណាងអចិន្ត្រៃយ៍របស់មីយ៉ាន់ម៉ាប្រចាំ UN»

តែទោះជាបែបនេះក្ដី កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងការបរទេសមីយ៉ាន់ម៉ា ក៏បានផ្ញើកំណត់ហេតុមួយច្បាប់ទៅកាន់ UN ផងដែរដោយបញ្ជាក់ជាថ្មីឡើងវិញថា លោក Kyaw Moe Tun ត្រូវបានដកតំណែងជាស្ថាពរហើយ៕