(ឡូសអាន់ជែឡេស)៖ ក្រុមមន្ត្រីអាមេរិកបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៣នាក់បានស្លាប់នៅភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយសាររថយន្តដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយរថយន្តដឹកគ្រួសខ្សាច់ដ៏ធំមួយ នៅជិតព្រំដែនប្រទេសម៉ិចស៉ីកូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។

មន្ត្រីអាមេរិកម្នាក់ មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងទីក្រុង អ៊ែលសេនត្រូ (El Centro) លោក ជូឌី គ្រូស (Judy Cruz) បានគូសបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើង នៅពេលដែលរថយន្តប្រភេទ SUV ដឹកអ្នកដំណើរជាង ២០នាក់ បានបុកជាមួយរថយន្តដឹកគ្រួសខ្សាច់ដ៏ធំមួយ នៅក្បែរទីក្រុង El Centro រដ្ឋកាលីហ្វ័រញ៉ា។ មន្ត្រីក្នុងតំបន់កើតហេតុ បានគូសបញ្ជាក់នៅរសៀលថ្ងៃអង្គារ (ពេលវេលានៅកាលីហ្វ័រញ៉ា) ថា វាឆាប់ពេកហើយក្នុងការបកស្រាយអំពីហេតុការណ៍ ដែលបានកើតឡើងឲ្យលម្អិតនោះ។

អ្នកដំណើរសរុប ២៥នាក់ រួមទាំងអ្នកបើកបរម្នាក់ផងដែរ បានស្ថិតនៅក្នុងរថយន្តប្រភេទ SUV នៅពេលមានគ្រោះថ្នាក់ចរាចរណ៍នោះ។ ប្រភពផ្លូវការបានអះអាងថា មនុស្ស ១២នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយសរុបមកមនុស្ស ១៣នាក់បានស្លាប់។ ប៉ុន្តែសារព័ត៌មានខ្លះទៀត បានចុះផ្សាយថា មនុស្សរហូតដល់ទៅ ១៥នាក់ឯណោះបានស្លាប់៕