(ប៉េកាំង)៖ អ្នកជំនាញផ្នែកសុខភាពចិនបាននិយាយថា មូលហេតុដែលប្រទេសមហាយក្សអាស៊ីមួយនេះ មានភាពយឺតយ៉ាវក្នុងការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 គឺដោយសារតែជំងឺនោះ ស្ថិតក្រោមការគ្រប់គ្រងរួចទៅហើយ ប៉ុន្តែចិននៅតែមានគម្រោង ចាក់វ៉ាក់សាំងជូនដល់ប្រជាជនចំនួន ៤០ភាគរយ ឬស្មើនឹងជាង ៥៦០លាននាក់ នៃចំនួនប្រជាជនសរុបរបស់ចិន (១,៤៣៩លាននាក់) នៅត្រឹមខែមិថុនា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។

ប្រធានក្រុមអ្នកជំនាញជាន់ខ្ពស់ នៃគណៈកម្មការសុខាភិបាលជាតិចិន លោក ចុង ណានសាន (Zhong Nanshan) បានគូសបញ្ជាក់ថា ប្រទេសចិនបានបញ្ចេញវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៥២.៥២លានដូសរួចទៅហើយ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ។ នេះគឺជាតួលេខដែលចិនសម្រេចបាន គិតចាប់តាំងពីការចាប់់ផ្តើមយុទ្ធនាការចាក់ ដល់ក្រុមមនុស្សមានអាទិភាព កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០។

ទោះជាយ៉ាងណា ប្រទេសចិននាពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា មានភាពយឺតយ៉ាវក្នុងការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួន បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ព្រោះបើគិតពីភាគរយ ចិនបានផ្ដល់ការចាក់វ៉ាក់សាំងចំនួន ៣.៥៦ដូសប៉ុណ្ណោះក្នុងចំណោមមនុស្ស ១០០នាក់ ខណៈប្រទេសអ៊ីស្រាអែល បានផ្ដល់ការចាក់វ៉ាក់សាំងចំនួន ៩៤ដូសក្នុងចំណោមមនុស្ស ១០០នាក់ និងសហរដ្ឋអាមេរិកបានផ្ដល់ការចាក់វ៉ាក់សាំងប្រហែល ២២ភាគរយនៃប្រជាជនសរុបរបស់ខ្លួន។

គួរបញ្ជាក់ថា ភាពយឺតយ៉ាវខាងលើនេះ មិនមែនបណ្តាលមកពីចិន គ្មានវ៉ាក់សាំងដើម្បីចាក់ជូនប្រជាជននោះឡើយ ប៉ុន្តែដោយសារតែស្ថានការណ៍ COVID-19 នៅក្នុងប្រទេសចិន ត្រូវបានគ្រប់គ្រងយ៉ាងល្អ ហើយគ្មានករណីផ្ទុះជាចង្កោមទ្រង់ទ្រាយធំណាមួយ បានកើតមានឡើងនោះឡើយ។ កាលពីឆ្នាំ២០២០ កន្លងទៅនេះ ខណៈដែលពិភពលោកទាំងមូលមិនទាន់មានវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាជននៅឡើយនោះ ចិនបានប្រកាសថា ខ្លួនបានចាក់វ៉ាក់សាំង ដល់ក្រុមមនុស្សមានអាទិភាព ក្នុងនោះមានដូចជាអ្នកធ្វើការងារ និងនិស្សិតត្រូវចេញទៅរៀននៅក្រៅប្រទេស សរុបជាង ១លាននាក់រួចទៅហើយ តាមរយៈវ៉ាក់សាំងក្នុងស្រុក ដែលត្រូវបានក្រុមជំនាញសុខាភិបាលចិន អនុម័តឲ្យប្រើនៅក្នុងករណីបន្ទាន់៕