(ប៉េកាំង)៖ មួយរយៈពេលកន្លងទៅនេះ បើមើលពីការផ្សាយដំណឹងអំពីភូមិភាគស៊ីនជាំង នៃប្រព័ន្ធសារព័ត៌មានល្បីឈ្មោះរបស់លោកខាងលិច ដូចជា ក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអង់គ្លេស BBC, កាសែត The New York Times និងស្ថានីយទូរទស្សន៍ព័ត៌មាន CNN ជាដើម អាចឃើញថា ប្រព័ន្ធសារព័ត៌មានទាំងនេះប្រកាន់ខ្ជាប់ទស្សនៈលំអៀងខាងមនោគមវិជ្ជា ហើយបានប្រឌិតព័ត៌មានក្លែងក្លាយនិងបំភាន់មតិអន្តរជាតិដោយចេតនាអាក្រក់។

គោលបំណងពិតប្រាកដរបស់ពួកគេគឺ ប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍរបស់ចិន និងបំផ្លាញជីវភាពរស់នៅដ៏ល្អបវររបស់ ប្រជាជនគ្រប់ជនជាតិសាសន៍នៃប្រទេសចិន ។

តាមការពិត នៅប៉ែកខាងលិច មន្ត្រី អ្នកនិពន្ធ ឬក៏អ្នកសារព័ត៌មានដែលពិភាក្សាអំពីភូមិភាគស៊ីនជាំងភាគច្រើន មិនដែលទៅភូមិភាគស៊ីនជាំងផ្ទាល់នោះឡើយ ។

ពួកគេគ្រាន់តែនិយាយតៗគ្នាតាមពាក្យភូតកុហករបស់លោក Adrian Zenz ដែលជាអ្នកផ្សព្វផ្សាយសាសនា នៃអង្គការស្តាំនិយមជ្រុលមួយប្រឆាំងបក្សកុម្មុយនិស្តចិន ដែលមានសកម្មភាពរស់រវើកនៅសហរដ្ឋអាមេរិក។ លោក Maxime Vivas អ្នកនិពន្ធល្បីឈ្មោះរបស់បារាំង បានវាយតម្លៃលោក Adrian Zenz ក្នុងសៀវភៅក្រោមចំណងជើងថា «ការបញ្ចប់នៃព័ត៌មានក្លែងក្លាយអំពីជនជាតិវៃអ៊ូអឺស៊ីនជាំ» ថា «គាត់បាននិយាយពាក្យភូតកុហកច្រើនពេក ដូច្នេះ ប្រសិនបើចង់លាតត្រដាងពាក្យភូតកុហកទាំងអស់របស់គាត់ ត្រូវពេលវេលាអស់រយៈប៉ុន្មានខែ»

វែបសាយព័ត៌មានឯករាជ្យរបស់សហរដ្ឋអាមេរិកឈ្មោះ The Grey Zone បានចុះផ្សាយអត្ថបទបង្ហាញថា របាយការណ៍ពាក់ព័ន្ធនឹងភូមិភាគស៊ីនជាំងរបស់រដ្ឋាភិបាលអាមេរិក បានបង្កពាក្យចចាមអារ៉ាម ហើយវែកញែកថា លោក Adrian Zenz អ្នកនិពន្ធរបាយការណ៍មួយនេះធ្លាប់បំរើការងារនៅមូលនិធិ ដែលត្រូវអង្គការស៊ើបការណ៍របស់សហរដ្ឋអាមេរិក ញាក់ខ្សែបញ្ជាពីក្រោយហើយលោកជាអ្នកស្តាំនិយមជ្រុល។

ឯកសាររបស់លោក Adrian Zenz សំអាងតាមពាក្យសំដីសាក្សីឯកតោភាគី ហើយមានទិន្នន័យដែលជ្រើសរើសតាមទំនើងចិត្តរបស់គាត់ ដូច្នេះវិធីសិក្សាស្រាវជ្រាវបែបនេះ គឺមិនដូចការឆ្លងកាត់បទពិសោធន៍ជាក់ស្តែងនោះទេ។ ធាតុពិត បច្ចុប្បន្ននេះ នៅភូមិភាគស៊ីនជាំង សេដ្ឋកិច្ចមានការរីកចម្រើនជាបន្តបន្ទាប់ សង្គមមានភាពចុះសម្រុងគ្នានិងស្ថិរភាព ហើយបាននិងកំពុងឋិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ។

នៅឆ្នាំ២០២០ តម្លៃផលិតផលសរុបនៃភូមិភាគស៊ីនជាំងបានកើនឡើង៣.៤ភាគរយ លើសពីតម្លៃផលិតផលក្នុងស្រុកសរុបនៃប្រទេសចិន១.១ភាគរយ ហើយអ្នកក្រីក្រនៅជនបទជាង ៣លាននាក់បានងើបផុតពីភាពក្រីក្រទាំងអស់។

ចំណែកអត្រាចូលរួមការធានារ៉ាប់រងសម្រាប់ព្យាបាលជំងឺជាមូលដ្ឋានរបស់ប្រជាជន បានឡើងដល់៩៩.៧ភាគរយ។ ការអប់រំជាកាតព្វកិច្ចរយៈពេល៩ឆ្នាំ បានគ្របដណ្តប់នៅភូមិភាគស៊ីនជាំងទាំងមូល ហើយនៅភូមិភាគស៊ីនជាំងខាងត្បូង ការអប់រំមុនចូលរៀនបឋមសិក្សារយៈពេលបីឆ្នាំ និងការអប់រំជាមូលដ្ឋានរយៈពេល១២ឆ្នាំ បានគ្របដណ្តប់ទាំងអស់រួចហើយ ។

នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអំពីភូមិភាគស៊ីនជាំងស្តីពី «រឿងរ៉ាវនៃបក្សកុម្មុយនិស្តចិន» ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ លោកកិត្តិសង្គហបណ្ឌិត ទេព ងន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាអនុប្រធានទីពីរព្រឹទ្ធសភានៃប្រទេសកម្ពុជាបានថ្លែងថា «យើងខ្ញុំសូមប្រឆាំងនឹងឥរិយាបថរបស់មនុស្សមួយចំនួនតូចនិងប្រទេសខ្លះ ដែលបានញុះញង់បំភ្លេចការពិត និងប្រឌិតព័ត៌មានចចាមអារ៉ាមបំភាន់មតិអន្តរជាតិមកលើស្ថានភាពស៊ីនជាំង។

ពាក្យភូតកុហកជាពាក្យខុសឆ្គង មិនថានិយាយច្រើនយ៉ាងណាក៏ដោយ ក៏មុខជានឹងត្រូវលាតត្រដាងដោយការពិតជាក់ស្តែងជាមិនខាន ពាក្យភូតកុហកដែលមួលបង្កាច់ភូមិភាគស៊ីនជំាងទាំងនោះ មុខជានឹងត្រូវបោះបង់ចូលក្នុងធុងសំរាមប្រវត្តិសាស្ត្រជាមិនខាន ៕