(រ៉ង់ហ្គូន)៖ ក្រុមហ៊ុនបណ្តាញសង្គម Facebook នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ខ្លួននឹងបិទគណនីទាំងឡាយដែលជាប់ពាក់ព័ន្ធ ជាមួយយោធាមីយ៉ាន់ម៉ាចោលទាំងអស់ រួមនិងការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននានា ដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា។ នេះបើតាមកាចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ Facebook បាននិយាយថា ខ្លួនចាត់ទុកស្ថានការណ៍ដែលកំពុងកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារយោធាថ្ងៃទី០១ ខែកុម្ភៈ ជាស្ថានការណ៍អាសន្នមួយ ខណៈការសម្រេចចិត្តបិទគណនីទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ា ត្រូវបានជំរុញដោយព្រឹត្តិការណ៍ផ្សេងៗ ចាប់តាំងតែការផ្ទុះរដ្ឋប្រហារ ក្នុងនោះរួមមានទាំងអំពើហិង្សាដ៏អាក្រក់ៗផងដែរ។

គួរបញ្ជាក់ថា កន្លងមកនេះ Facebook បានបិទគណនីមួយចំនួន ដែលពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ារួចស្រេចទៅហើយ ចាប់តាំងតែពីមានការធ្វើរដ្ឋប្រហារយោធាមក ដោយរួមមានទាំងគណនីទូរទស្សន៍របស់យោធាមីយ៉ាន់ម៉ា Myawaddy TV និងស្ថានីយទូរទស្សន៍រដ្ឋ MRTV។ ការដាក់បម្រាមនេះ ក៏ត្រូវអនុវត្តនៅលើ Instagram ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Facebook ថែមទៀតផង៕