(វ៉ាស៊ីនតោន)៖ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រមាណ ៦៦,៤៦៤,៩៤៧ដូស ជូនដល់ប្រជាជនរបស់ខ្លួន នៅក្នុងចំណោមវ៉ាក់សាំងសរុប ៨៨.៦៧លានដូស ដែលត្រូវបានបញ្ចេញទៅកាន់បណ្តារដ្ឋទាំង ៥០។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

វ៉ាក់សាំងទាំងអស់នេះ គឺជាសុទ្ធតែជាផលិតផលរបស់ក្រុមហ៊ុន Moderna និង Pfizer/BioNTech នៅសហរដ្ឋអាមេរិកផ្ទាល់។ បើតាមអាជ្ញាធរសុខាភិបាលអាមេរិក ប្រជាជនជាង ៤៥លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់ដូសដំបូង (ក្នុងចំណោមនោះខ្លះក៏ទទួលបាន ០២ដូសរួចហើយដែរ) ខណៈប្រជាជនជាង ២០លាននាក់ទៀត គឺបានទទួលការចាក់ ០២ដូចរួចរាល់តែម្តង គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ។

គួរបញ្ជាក់ថា វ៉ាក់សាំងបង្ការ COVID-19 ប្រមាណ ៦.៧២លានដូសទៀត ក៏ត្រូវបានបញ្ជូនទៅកាន់ មណ្ឌលថែទាំសុខភាពរយៈពេលវែង នៅទូទាំងសហរដ្ឋអាមេរិកផងដែរ។ លោកប្រធានាធិបតី ចូ បៃដិន ធ្លាប់បានប្តេជ្ញាថា រដ្ឋបាលរបស់លោកនឹងខ្នះខ្នែងចាក់វ៉ាក់សាំំងជូនប្រជាជន ឲ្យបានជាង ១លាននាក់ក្នុងមួយថ្ងៃ ដើម្បីកសាងភាពសុំាជាសហគមន៍៕