(បាងកក)៖ រដ្ឋមន្រ្តីក្រសួងការបរទេសនៃរបបយោធាមីយ៉ាន់ម៉ាបានធ្វើទស្សនកិច្ចនៅប្រទេសថៃនៅថ្ងៃពុធ ទី២៤ ខែកុម្ភៈនេះ នៅពេលដែលប្រទេសមហាអំណាចក្នុងតំបន់ បានព្យាយាមសម្របសម្រួលបញ្ចប់ភាពចលាចល ដែលបង្កឡើងដោយរដ្ឋប្រហារយោធា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Wunna Maung Lwin បានជួបពិភាក្សា ជាមួយសមភាគីថៃនិងឥណ្ឌូនេស៊ី នៅក្នុងជំនួបមួយដែលត្រូវបានគេស្គាល់ ជាជំនួបលើកដំបូងរវាងសមាជិកយោធាជាន់ខ្ពស់និងរដ្ឋាភិបាលបរទេស។

របបយោធាមីយ៉ាន់ម៉ា បានប្រឈមមុខនឹងព្យុះថ្កោលទោសអន្តរជាតិចំពោះការបណ្តេញមេដឹកនាំស៊ីវិលលោកស្រីអ៊ោងសាន ស៊ូជី ចេញពីអំណាចកាលថ្ងៃទី១ ខែកុម្ភៈ ខណៈដែលក្រុមប្រឆាំងនៅក្នុងប្រទេស កំពុងតែធ្វើបាតុកម្មតវ៉ាទូទាំងប្រទេសជាប្រចាំថ្ងៃ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីប្រកាសថា រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi នឹងមិនទៅធ្វើទស្សនកិច្ចប្រទេសដែលរងការវាយប្រហារដោយរដ្ឋប្រហារនេះភ្លាមៗនោះទេ បើទោះបីជាមានការបែកធ្លាយឯកសារពីខាងប្រទេសមីយ៉ាន់ម៉ា អំពីគម្រោងទស្សនកិច្ចរបស់លោកស្រីក៏ដោយ។

ជុំវិញបញ្ហាខាងលើនេះ ក្រសួងការបរទេសឥណ្ឌូណេស៊ី បានប្រកាសប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងថ្ងៃពុធនេះថា «លោកស្រីរដ្ឋមន្ត្រីការបរទេស បើកចំហជានិច្ចចំពោះជម្រើស ក្នុងការទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីណៃពីដោ ដើម្បីជួយស្វែងរកដំណោះស្រាយថ្នាក់តំបន់ តំណាងឲ្យសមាគមអាស៊ាន... ប៉ុន្តែវាមិនមែនជាពេលសមរម្យឡើយ នៅក្នុងការរៀបចំដំណើរទស្សនកិច្ច ទៅកាន់មីយ៉ាន់ម៉ានៅក្នុងពេលនេះ»