(ហ្សឺណែវ)៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងខិន (Antony Blinken) នៅថ្ងៃពុធនេះបានប្រកាសថា សហរដ្ឋអាមេរិកនឹងវិលត្រលប់ទៅចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UN)ឡើងវិញនៅចុងឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានដើរចេញពីក្រុមប្រឹក្សិសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិកាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ ពោលគឺរយៈពេល ០៣ឆ្នាំហើយ ប៉ុន្តែរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានវិលត្រឡប់ទៅចូលរួមវិញ ក្នុងនាមជាសមាជិកអង្កេតការណ៍កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ នេះ។

លោក Blinken បានគូសបញ្ជាក់ថា «ខ្ញុំមានសេចក្តីរីករាយសូមប្រកាសថា សហរដ្ឋអាមេរិក នឹងវិលត្រលប់ទៅចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិឡើងវិញ សម្រាប់អាណត្តិថ្មីឆ្នាំ២០២២-២០២៤»

គួរបញ្ជាក់ថា ការបោះឆ្នោតប្រចាំឆ្នាំ ក្នុងការជ្រើសរើសក្រុមប្រឹក្សាសិទិ្ធមនុស្សអាណត្តិថ្មីរយៈពេល ០៣ឆ្នាំ ក្នុងនោះមានសមាជិក៤៧រូប គ្រោងនឹងធ្វើឡើង នៅមហាសន្និបាតអង្គការសហប្រជាជាតិនាខែតុលា ឆ្នាំ២០២១ខាងមុខ ខណៈដែលចក្រភពអង់គ្លេស ចិន និងរុស្ស៊ី ក៏ស្ថិតក្នុងចំណោមសមាជិកនាពេលបច្ចុប្បន្ននេះផងដែរ៕