(ប៉េកាំង)៖ កន្លងទៅ ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រទេសជាច្រើនជាបន្តបន្ទាប់ ហើយស្របពេលបច្ចុប្បន្ននេះ ស្រមោលដ៏ខ្មៅងងឹតនៃការរីករាលដាលជំងឺកូវីដ-១៩ នៅបន្តគ្របដណ្តប់លើពិភពលោកទាំងមូល វ៉ាក់សាំងរបស់ចិនបានក្លាយជាក្តីសង្ឃឹម របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ដើម្បីគាំពារអាយុជីវិតរបស់ប្រជាពលរដ្ឋពួកគេ។ ដូច្នេះហើយ វ៉ាក់សាំងរបស់ចិន ត្រូវគេចាត់ទុកជា «អំណោយដ៏វិសេសវិសាលមួយ»

នៅចំពោះមុខពេលវេលាដ៏លំបាកនេះ ការផ្តល់ជំនួយវ៉ាក់សាំងជាបន្ទាន់របស់ចិន ទទួលបានការកោតសរសើរពីសំណាក់ភាគីនានា។ លោក អេមើសុន អឹមណាហ្គាវ៉ា (Emmerson Mnangagwa) ប្រធានាធិបតីហ្ស៉ីមបាវេបានថ្លែងថា ការដែលប្រទេសចិនផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសហ្ស៊ីមបាវេជាដើមនេះ បានបង្ហាញឱ្យឃើញនូវតួនាទីរបស់ប្រទេសចិន ដែលគួរឱ្យកោតសរសើរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាសកល។

ដោយឡែក កាលពីថ្ងៃទី០៧ ខែកុម្ភៈ ជំនួយវ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន បានដឹកជញ្ជូនទៅដល់រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ជាលើកដំបូង។ ជុំវិញការទទួលបានអំណោយវ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា វ៉ាក់សាំងការពារកូវីដ-១៩ ដែលផលិតដោយប្រទេសចិន ត្រូវទទួលស្គាល់ជាទូទៅថា មានសុវត្ថិភាពនិងប្រសិទ្ធភាព ហើយអំណោយនេះបានបង្ហាញឱ្យឃើញនូវ ទឹកចិត្តសប្បុរសធម៌របស់ចិននិងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន និងមុខជាជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការ ជាយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចកសាងសហគមន៍រួមវាសនាតែមួយ នៃប្រទេសទាំងពីរផងដែរ ។

គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៥៣ហើយ ដែលត្រូវការវ៉ាក់សាំងកូវីដ-១៩ ជាចាំបាច់ ហើយបាននិងកំពុងរៀបចំនាំចេញវ៉ាក់សាំងទៅកាន់ប្រទេសចំនួន២២ទៀត។ ចំណុចគួរឲ្យកត់សម្គាល់ គឺថាការដែលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន កំពុងទន្ទឹងរង់ចាំជាបន្ទាន់នូវវ៉ាក់សាំងចិន បានលាតត្រដាងនូវបញ្ហាជាក់ស្តែងនិងតានតឹងមួយ ពោលគឺប្រទេសទាំងនេះខ្វះធនធាន និងមធ្យោបាយដើម្បីទទួលបានវ៉ាក់សាំង ពីបណ្តាប្រទេសលោកខាងលិច ។

កន្លងទៅ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានវែកញែកថា បច្ចុប្បន្ននេះ ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជាសកលបានលេចចេញបាតុភូតអតុល្យាភាព និងអវិសមភាពនៅតាមតំបន់ខុសៗគ្នា ដោយគិតមកដល់ឥឡូវ មានប្រទេសចំនួនជាង១៣០ នៅមិនទាន់ចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅឡើយទេ ។ ក្នុងសនិ្នសីទថ្នាក់រដ្ឋមន្ត្រីស្តីពីបញ្ហាវ៉ាក់សាំងជំងឺកូវីដ១៩ នៃក្រុមប្រឹក្សាសនិ្តសុខអង្គការសហប្រជាជាតិ ដែលបើកធ្វើឡើងជាសាធារណៈនាពេលកន្លងទៅថ្មីៗនេះ ចិនបានគូសបញ្ជាក់ម្តងទៀតថា បណ្តាភាគីនានាគួរតែចាប់ដៃគ្នា ដើម្បីទប់ស្កាត់និន្នាការ «វ៉ាក់សាំងជាតិនិយម» ដើម្បីជំរុញការចែកចាយវ៉ាក់សាំងដោយស្មើភាព និងសមហេតុសមផល ។

គួរបញ្ជាក់ថា ប្រទេសចិននឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីឱ្យវ៉ាក់សាំងកូវីដ-១៩ ក្លាយជាផលិតផលសាធារណៈ ដែលអនុញ្ញាតឲ្យប្រជាជននៃបណ្តាប្រទេសនានាជុំវិញពិភពលោក មានឱកាសអាចប្រើប្រាស់ និងអាចរ៉ាប់រងថ្លៃវ៉ាក់សាំងបាន និងក្នុងន័យធ្វើជាកាដូមួយពោរពេញទៅដោយភាពកក់ក្តៅរបស់ចិន ដើម្បីក្លាយជាពន្លឺដែលបណ្តេញភាពអាប់អួរនៃជំងឺឆ្លងរាតត្បាតជាសកលនេះ៕