(ហុងកុង)៖ មេដឹកនាំហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នៅថ្ងៃអង្គារនេះបានសម្តែងការគាំទ្រ ចំពោះការធ្វើកំណែទម្រង់ទាក់ទងនឹង នីតិវិធីនៃការបោះឆ្នោត នៅក្នុងទីក្រុងស្វយ័តពិសេសរបស់ចិនមួយនេះ បន្ទាប់ពីមន្រ្តីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្ហាញសញ្ញាថា នឹងមានការផ្លាស់ប្តូរធំមួយដើម្បីធានាថា ទីក្រុងហុងកុងនឹងស្ថិតក្រោមការដឹកនាំរបស់បុគ្គល ដែលស្នេហាជាតិតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោកស្រីអភិបាលក្រុងហុងកុង បាននិយាយទៀតថា ភាពចម្រូងចម្រាសផ្នែកនយោបាយ និងភាពវឹកវរនៅក្នុងទីក្រុងហុងកុង ដូចជាការផ្ទុះឡើងនូវបាតុកម្ម ប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំ២០១៩ និងកាលពីឆ្នាំ២០១៤ ជាដើម បានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ថា តែងតែមានមនុស្សចំនួន ដែលប្រកាន់និន្នាការប្រឆាំងរដ្ឋាភិបាលមជ្ឈិមជានិច្ច។

លោកស្រី Lam បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំអាចយល់បានថា រដ្ឋាភិបាលមជ្ឈិមពិតជាមានក្តីព្រួយបារម្ភខ្លាំងណាស់... ពួកគេមិនចង់ឲ្យស្ថានការណ៍ កាន់តែធ្លាក់ចុះដុនដាបខ្លាំង ក្នុងរបៀបមួយដែលអាចបង្កភាពរាំងស្ទះ ដល់ការអនុវត្តគោលនយោបាយ ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរនោះទេ»។

គួរបញ្ជាក់ថា ការធ្វើអត្ថាធិប្បាយរបស់លោកស្រី Lam បានកើតមានតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក សៀ ប៉ាវឡុង (Xia Baolong) នាយកការិយាល័យកិច្ចការហុងកុង និងម៉ាកាវរបស់រដ្ឋាភិបាលចិន បាននិយាយថា ទីក្រុងហុងកុងគួរតែទុកឲ្យបុគ្គលដែលស្នេហាជាតិដឹកនាំប៉ុណ្ណោះ គឺមិនរាប់បញ្ចូលអ្នកដែលព្យាយាមអំពាវនាវ សុំការដាក់ទណ្ឌកម្មពីបរទេស ឬក៏អ្នកចូលចិត្តបង្កបញ្ហានោះឡើយ។

សម្រាប់ការផ្លាស់ប្តូរទាក់ទងនឹង នីតិវិធីបោះឆ្នោតនៅទីក្រុងហុងកុងត្រូវគេរំពឹងថា នឹងលើកយកទៅពិភាក្សា ហើយអាចអនុម័តតែម្តងក៏ថាបាន នៅកំឡុងកិច្ចប្រជុំនាខែក្រោយរបស់សភាប្រជាជនចិន និងក្រុមប្រឹក្សានយោបាយចិន CPPCC៕