Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្ម លើមន្ត្រីជាន់ខ្ពស់យោធាមីយ៉ាន់ម៉ាពីររូប និងជំរុញឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ​​​​(Video inside)

23-02-2021 10:25

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើ ឧត្ដមសេនីយ៍ ០២រូប នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោយចោទថា ពួកគេបានចូលរួមក្នុងការធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រសួងហិរញ្ញវត្ថុអាមេរិកបានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានបង្កកទ្រព្យសម្បត្តិ និងដាក់បម្រាមធ្វើដំណើរចូលក្នុងទឹកដីអាមេរិក លើនាយឧត្ដមសេនីយ៍ ម៉ង ម៉ង ក្យរ (Maung Maung Kyaw) ជាមេបញ្ជាការកងទ័ពជើងអាកាស និងលោកឧត្ដមសេនីយ៍ទោ ម៉ូ ម្យីនត៍ ថាន់ (Moe Myint Tun)។

បន្ថែមពីលើនេះ ក្រសួងហិរញ្ញវត្ថុអាមេរិក ក៏បានអំពាវនាវផងដែរឱ្យយោធាមីយ៉ាន់ម៉ា ប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត របស់លោកស្រី អោង សាន ស៊ូ ជី និងស្ដារប្រជាធិបតេយ្យឡើងវិញជាបន្ទាន់ បើពុំដូច្នោះទេ សហរដ្ឋអាមេរិកនឹងមិនរាករែកឡើយ ក្នុងការចាត់វិធានការសកម្មភាពបន្ថែមទៀត នៅពេលអនាគត៕