(ហុងកុង)៖ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) និងមន្ត្រីកំពូលៗនៃរដ្ឋបាលរបស់លោកស្រីជាច្រើនរូបទៀត បានទទួលការចាក់វ៉ាក់សាំង COVID-19 ផលិតដោយក្រុមហ៊ុនចិន Sinovac សម្រាប់ដូសដំបូងរួចរាល់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac បានមកដល់ដែនដីស្វយ័តរបស់ចិនមួយនេះ កាលពីសប្តាហ៍មុន បន្ទាប់ពីរដ្ឋបាលទីក្រុងហុងកុង បានអនុម័តឲ្យប្រើប្រាស់់វ៉ាក់សាំងនេះ នៅក្នុងករណីបន្ទាន់។ ការចាក់វ៉ាក់សាំងរបស់លោកស្រី ខារី ឡាំ និងមន្ត្រីកំពូលឯទៀត គឺជាការបង្កើនទំនុកចិត្តជូនដល់ប្រជាជនហុងកុង និងអំពាវនាវឲ្យគ្រប់គ្នា ទទួលយកការចាក់វ៉ាក់សាំងជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ទីក្រុងហុងកុងបានចេញយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់ប្រជាជនខ្លួនចំនួន ៧.៥លាននាក់ ចាប់តាំងពីថ្ងៃសុក្រ សប្តាហ៍មុននេះមកម្ល៉េះ ដោយក្នុងនោះបុគ្គលិកសុខាភិបាល, មនុស្សវ័យចំណាស់, អ្នកបើកបររថយន្តដឹកទំនិញឆ្លងកាត់ព្រំដែន និងមន្ត្រីសំខាន់ៗមួយចំនួនទៀត ត្រូវបានផ្តល់អាទិភាព៕