Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុនស្នើអាកាសចរណ៍នានា ចៀសវាងប្រើយន្តហោះ Boeing 777 បំពាក់ម៉ាស៊ីនមួយប្រភេទ ក្រោយកើតមានហេតុការណ៍ ផ្ទុះឆេះម៉ាស៊ីនយន្តហោះអាមេរិក ​​​​(Video inside)

22-02-2021 09:27

(តូក្យូ)៖ ជប៉ុនបានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ចៀសវាងការប្រើប្រាស់យន្ដហោះប្រភេទ Boeing 777 ដែលមានបំពាក់ម៉ាស៊ីនប្រភេទ ប្រាត អ៊ែន វីតនី ៤០០០ (Pratt & Whitney 4000) សម្រាប់ការចុះចត ឬហោះហើរក្នុងដែនអាកាសនៃប្រទេសរបស់ខ្លួន រហូតទាល់តែមានការជូនដំណឹងជាថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

ការសម្រេចចិត្តរបស់ អាជ្ញាធរអាកាសចរណ៍ស៊ីវិលជប៉ុនខាងលើនេះ ត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បន្ទាប់ពីយន្ដហោះ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានផ្ទុះឆេះម៉ាស៊ីនផ្នែកខាងស្តាំ និងបានចុះចតដោយជោគជ័យ នៅឯអាកាសយានដ្ឋានអន្តរជាតិ ឌែនវើ (Denver International Airport)។

បើតាមក្រុមហ៊ុនអាកាសចរណ៍ United Airlines ជើងហោះហើរលេខ ៣២៨ របស់ខ្លួនដែលមានគោលដៅធ្វើដំណើរ ចេញពីទីក្រុង Denver នៃរដ្ឋ ខូឡូរ៉ាដូ (Colorado) ឆ្ពោះទៅកាន់ទីក្រុង ហូណូលូលូ (Honolulu) នៃរដ្ឋ ហាវ៉ៃ (Hawaii) បានជួបបញ្ហាផ្នែកម៉ាស៉ីនយន្តហោះ ក្រោយហោះឡើងបានបន្តិច ហើយក៏បានបកត្រឡប់មកកាន់ទីក្រុង Denver វិញដោយសុវត្ថិភាព។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បាននិងកំពុងបើកការស៊ើបអង្កេតមួយជុំវិញករណីនេះ ដោយផ្ដោតជាសំខាន់លើម៉ាស៊ីន Pratt & Whitney PW4000 ដែលមានបំពាក់លើយន្ដហោះ Boeing 777៕