(ម៉ានីល)៖ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាលហ្វីលីពីននៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ខ្លួនបានជម្លៀសប្រជាជនប្រមាណជាង ៥១,០០០នាក់ ទៅកាន់ទីទួលមានសុវត្ថិភាព ខណៈដែលព្យុះត្រូពិច Dujuan បានខិតជិតចូលមកដល់ ដែលធ្វើឲ្យជន់លិចផ្នែកខ្លះនៃតំបន់ភាគខាងត្បូងនិងភាគកណ្តាលប្រទេសហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

ការិយាល័យការពារជនស៊ីវិលបាននិយាយថា រដ្ឋាភិបាលបានជម្លៀសប្រជាជនជាង ៥១,០០០ នាក់ ដែលរស់នៅក្នុងខេត្ត Surigao del Sur, ខេត្ត Surigao del Norte, ខេត្ត Agusan del Norte និងកោះ Dinagat ទៅកាន់ទីសុវត្ថិភាពនៅព្រឹកថ្ងៃអាទិត្យនេះ ដោយសារទឹកជំនន់យ៉ាងខ្លាំង។

ការិយាល័យអាកាសធាតុរបស់រដ្ឋបាននិយាយនៅក្នុងព្រឹត្តិប័ត្រមួយថា ព្យុះ Dujuan ដែលជាព្យុះទីមួយរបស់ប្រទេសនៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងបង្កជាគ្រោះបាក់ដីនៅព្រឹកថ្ងៃចន្ទ។

ការិយាល័យដដែលនេះបានព្រមានថា ព្យុះកំណាច Dujuan នឹងប៉ះពាល់ដល់ខេត្តមួយចំនួននៅភាគខាងត្បូងកោះលូហ្សុន តំបន់ភាគកណ្តាលហ្វីលីពីន និងតំបន់មីនដាណាវនៅភាគខាងត្បូងនៃប្រទេស។

គួរបញ្ជាក់ថា ព្យុះទីហ្វុងនិងព្យុះត្រូពិក តែងតែបង្កផលប៉ះពាល់ដល់ប្រទេសហ្វីលីពីន ចាប់ពីខែមិថុនាដល់ខែធ្នូ ដោយសម្លាប់មនុស្សរាប់រយនាក់និងបង្កការខូចខាតរាប់ពាន់លានដុល្លារ។ ដោយស្ថិតនៅតំបន់ខ្សែក្រវាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ហ្វីលីពីនជាប្រទេសមួយដែលងាយរងគ្រោះថ្នាក់ធម្មជាតិបំផុត រួមមានដូចជាផ្ទុះភ្នំភ្លើង គ្រោះរញ្ជួយដីញឹកញាប់ និងព្យុះជាមធ្យម ២០ដងក្នុងមួយឆ្នាំ៕