(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres នាថ្ងៃអាទិត្យនេះ បានធ្វើការថ្កោលទោសស្ថានការណ៍ ដែលហាក់កាន់តែយ៉ាប់យ៉ឺននៅមីយ៉ាន់ម៉ា ដោយកងកម្លាំងសន្តិសុខបានប្រើគ្រាប់កាំភ្លើងពិតបាញ់ទៅលើក្រុមបាតុករ ដែលនៅតែបន្តសកម្មភាពតវ៉ាប្រឆាំងរដ្ឋប្រហារយោធាថ្ងៃទី០១ ខែកុម្ភៈ និងបានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Guterres បានបង្ហោះសារលើបណ្តាញ Twitter ថា ការប្រើប្រាស់មធ្យោបាយដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ប្រឆាំងលើក្រុមបាតុករដែលធ្វើសកម្មភាពតវ៉ាដោយសន្តិវិធី គឺជាទង្វើមិនអាចទទួលយកបានឡើយ ហើយលោកបានបន្តទទូចឲ្យគ្រប់ភាគីគោរព លទ្ធផលនៃការបោះឆ្នោតសកលរបស់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយនាំប្រទេសអាស៊ានមួយនេះ ត្រឡប់ទៅរករបបដឹកនាំស៉ីវិលវិញ។

គួរបញ្ជាក់ថា ការបាញ់ប្រហារខាងលើបានកើតឡើង នៅទីក្រុង Mandalay ដែលជាទីក្រុងធំជាងគេលំដាប់ទី២របស់មីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍ម្សិលមិញ។ ក្រៅពីមនុស្ស២នាក់ស្លាប់ ក៏មានបាតុករប្រហែល២០នាក់ទៀតរងរបួសផងដែរ។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ស្រ្តីម្នាក់បានបាត់បង់ជីវិត ក្រោយរងរបួសដោយសារគ្រាប់កាំភ្លើងកាលពីសប្តាហ៍មុន ពេលដែលប៉ូលិសបានព្យាយាមបាញ់បំបែកក្រុមបាតុករនៅរដ្ឋធានីណៃពិដោ ហើយវាជាករណីមានមនុស្សស្លាប់ដំបូង ក្នុងកំឡុងបាតុកម្មប្រឆាំងរដ្ឋប្រហាយោធា «០១ កុម្ភៈ»។ កន្លងទៅនេះ ខាងយោធាបានអះអាងថា ក៏មានប៉ូលិសម្នាក់បានបាត់បង់ជីវិតដែរ ដោយសាររងរបួសកំឡុងបាតុកម្ម៕