(អាមេរិក)៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines ដែលមានដឹកមនុស្សជាង២០០នាក់ បានធ្វើការចុះចតជាបន្ទាន់ដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋានអន្តរជាតិ Denver នាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) បន្ទាប់ពីម៉ាស៉ីនមួយចំហៀងរបស់វា បានផ្ទុះឆេះលើផ្ទៃអាកាស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

អាកាសចរណ៍ United Airlines បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ជើងហោះហើរលេខ៣២៨របស់ខ្លួន ដែលមានគោលដៅធ្វើដំណើរចេញពីទីក្រុង Denver នៃរដ្ឋ Colorado ឆ្ពោះទៅកាន់ទីក្រុង Honolulu នៃរដ្ឋ Hawaii បានជួបបញ្ហាផ្នែកម៉ាស៉ីនយន្តហោះ ក្រោយហោះឡើងបានបន្តិច ហើយក៏បានបកត្រឡប់មកកាន់ទីក្រុង Denver វិញដោយសុវត្ថិភាព។

គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរខាងលើប្រភេទ Boeing 777-200 ដោយម៉ាស៉ីននៅស្លាបចំហៀងខាងស្តាំរបស់វាបានផ្ទុះឆេះ និង បានបណ្តាលឲ្យបំណែកនៃម៉ាស៉ីននោះ ធ្លាក់រប៉ាត់រប៉ាយលើតំបន់ជាច្រើន ប៉ុន្តែមិនបានបង្កឲ្យមានអ្នកនៅលើដីរងគ្រោះថ្នាក់ឡើយ៕