(រ៉ង់ហ្គូន)៖ មនុស្សយ៉ាងហោច២នាក់ បានស្លាប់កំឡុងការប៉ះទង្គិចគ្នាដ៏ហិង្សារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា នៅក្នុងទីក្រុង Mandalay នៅថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ក្រុមបាតុករបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាជាថ្មី នៅតាមដងផ្លូវក្នុងទីក្រុងច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីទាមទារឱ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី និងអ្នកដែលកំពុងជាប់ឃុំដទៃទៀតឱ្យមានសេរីភាពឡើងវិញ។ ប៉ុន្តែភាពតានតឹង និងអំពើហិង្សាបានផ្ទុះឡើងភ្លាមៗនៅក្នុងទីក្រុង Mandalay ជាទីដែលប៉ូលិស និងទាហានប្រឈមមុខដាក់គ្នាជាមួយក្រុមបាតុករ។ ក្រុមបាតុករខ្លះបានបាញ់ចំពាមកៅស៊ូដាក់កងកម្លាំងសន្តិសុខ ជាហេតុបង្ខំឱ្យពួកគេប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ហើយក៏មានលឺស្នូរគ្រាប់កាំភ្លើងផងដែរ។

បើតាមប្រធានក្រុមអ្នកសង្រ្គោះបន្ទាន់ស័្មគ្រចិត្ត លោក Ko Aung មនុស្ស២០នាក់បានរងរបួស និង២នាក់ទៀតបានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សានេះ។ ប៉ុន្តែ ខាងយោធា ឬប៉ូលិសមីយ៉ាន់ម៉ាមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា ស្ត្រីបាតុករវ័យក្មេងម្នាក់ ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរកាលពីថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីត្រូវបានប៉ូលិសមីយ៉ាន់ម៉ា បាញ់ឱ្យរបួសធ្ងន់កាលពី សប្ដាហ៍មុន ខណៈយោធាអះអាងថាប៉ូលិសម្នាក់បានស្លាប់ក្រោយរងរបួសធ្ងន់៕