(អ៊ូកឡែន)៖ ទីបំផុតប្រទេសនូវែលសេឡង់ នៅថ្ងៃសៅរ៍នេះ បានចាប់ផ្តើមដំណើរការកម្មវិធី ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួនជាផ្លូវការហើយ ខណៈមន្រ្តីដែលធ្វើការនៅតាមព្រំដែន បានទទួលការចាក់វ៉ាក់សាំងនេះជាលើកដំបូងនៅក្នុងមណ្ឌលធ្វើចត្តាឡីស័កនៅទីក្រុងអ៊ូកឡែន (Auckland)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

មន្រ្តីសុខាភិបាលជាន់ខ្ពស់នូវែលសេឡង់ លោក អាស្លេយ ប្លូមហ្វៀល (Ashley Bloomfield) បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Auckland ថា ប្រទេសនេះបានឈានដល់ចំណុចសំខាន់មួយ ក្នុងការឆ្លើយតបនឹងជំងឺឆ្លងរាតត្បាតសកល (COVID-19) ហើយ ដោយចាប់ផ្ដើមដំណើរការកម្មវិធីចាក់វ៉ាក់សាំង ជាលើកដំបូងរបស់ខ្លួនដល់មន្រ្តីជួរមុខ។

លោក Bloomfield បានគូសបញ្ជាក់បន្ថែមថា «ថ្ងៃនេះ យើងបានចាប់ផ្តើមដំណើរការ កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់យើង ដល់មន្រ្តីដែលធ្វើការនៅជួរមុខ ដែលជាជំហានសំខាន់មួយក្នុងការការពារមនុស្សគ្រប់គ្នា នៅក្នុងប្រទេសនូវែលសេឡង់ ពីការឆ្លងរាតត្បាតនៃជំងឺនេះ»

បើតាមលោក Bloomfield កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នេះ នឹងត្រូវធ្វើឡើងនៅទីក្រុងវែលលីងតុន (Wellington) នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ និងបន្ទាប់មកនៅទីក្រុងក្រៃស៍ឆឺច (Christchurch) នៅថ្ងៃពុធសប្ដាហ៍ក្រោយ ពោលគឺមុនពេលចាប់ផ្តើមចាក់ដល់មន្រ្តីទាំងអស់ ដែលធ្វើការនៅតាមច្រកចេញចូលប្រទេស នៅតាមតំបន់ដាច់ស្រយាល និងនៅតាមមណ្ឌលធ្វើចត្តាឡីស័កប្រមាណ ១២,០០០នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត។ ចំណែកឯ ការចាក់វ៉ាក់សាំងដល់ប្រជាជនទូទៅ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការ ចាប់ពីពាក់កណ្តាលឆ្នាំ២០២១ នេះតទៅ។

គួរបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង (Pfizer-BioNTech) ដំបូង បានមកដល់ប្រទេសនូវែលសេឡង់ រយៈពេលតិចជាងមួយសប្តាហ៍ មុនពេលចាប់ផ្ដើមដំណើរការ កម្មវិធីចាក់វ៉ាក់សាំងជាតិថ្ងៃសៅរ៍នេះ។ កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រជាជនចំនួន ២៥នាក់បានទទួលការចាក់វ៉ាក់សាំងដំបូងបង្អស់ នៅទីក្រុង Auckland៕