(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា ខ្លួនបានវិលត្រឡប់ចូលរួមជាផ្លូវការ ក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសវិញហើយ ដែលជាការពង្រឹងឡើងវិញនូវការប្រយុទ្ធប្រឆាំង នឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ខណៈរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) គ្រោងនឹងកាត់បន្ថយការបំភាយឧស្ម័នពុល ក្នុងទ្រង់ទ្រាយធំសម្រាប់រយៈពេល ០៣ទសវត្សរ៍ខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមអ្នកវិទ្យាសាស្ត្រ និងក្រុមអ្នកការទូតបរទេសជាច្រើន បានស្វាគមន៍សហរដ្ឋអាមេរិកយ៉ាងពេញទំហឹង ក្នុងការវិលត្រឡប់មកវិញនូវកិច្ចព្រមព្រៀងមួយនេះ ដែលបានចូលរួមជាផ្លូវការក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាឱ្យមានការផ្លាស់ប្តូរនៅថ្ងៃដំបូងរបស់លោក នៅក្នុងការិយាល័យសេតវិមាន។

ចាប់តាំងពីប្រទេស និងដែនដីជិត ២០០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ ដើម្បីការពារការបម្រែបម្រួលអាកាសធាតុ សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ ដែលបានចាកចេញ ដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ចែងលើវិធានការនេះដោយសំអាងថា វាបានធ្វើឲ្យអាមេរិកខាតបង់សេដ្ឋកិច្ចយ៉ាងខ្លាំង។

គួរបញ្ជាក់ថា បេសកជនពិសេសទទួលបន្ទុកអាកាសធាតុអាមេរិក លោក ចន ឃើរី (John Kerry) ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ដើម្បីប្រកាសពីការវិលត្រឡប់មកវិញរបស់សហរដ្ឋអាមេរិក រួមទាំងការបង្ហាញខ្លួនជាមួយឯកអគ្គរដ្ឋទូតអង់គ្លេស និងអ៊ីតាលី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) និងបេសកជនពិសេស ទទួលបន្ទុកបញ្ហាអាកាសធាតុរបស់ UN លោក ម៉ៃឃើល ប្លូមប៊ឺក (Michael Bloomberg) ផងដែរ៕