(រ៉ង់ហ្គូន)៖ សហរដ្ឋអាមេរិកបានជំរុញជាថ្មីម្ដងទៀត ឱ្យមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបញ្ចៀសអំពើហិង្សា និងប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលរបស់ លោកស្រី អោង សាន ស៊ូ ជី វិញជាបន្ទាន់បន្ទាប់ពីការស្លាប់របស់បាតុករម្នាក់ បាននិងកំពុងបង្កការខឹងសម្បារកាន់តែខ្លាំង ប្រឆាំងនឹងរបបយោធា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចល និងបាតុកម្មតវ៉ាទូទាំងប្រទេស ចាប់តាំងពីលោកស្រី អោង សាន ស៊ូ ជី និងបណ្តាមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលរបស់លោកស្រីជាច្រើនរូប ត្រូវបានយោធាចាប់ឃុំខ្លួន នៅក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ដើមខែកុម្ភៈកន្លងទៅនេះ។ ប្រឈមមុខនឹងការកើនឡើងកម្លាំងជំទាស់ រដ្ឋាភិបាលយោធាបានបង្កើនការដាក់ពង្រាយកងទ័ព, រពាសដែក, រថក្រោះ ព្រមទាំងកាត់ផ្ដាច់អ៉ីនធើណិតស្ទើរតែទាំងស្រុង និងបង្ក្រាបលើបាតុករទៀតផង បើទោះជាមានការថ្កោលទោស និងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចមួយចំនួនក៏ដោយ។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) បាននិយាយថា សហរដ្ឋអាមេរិកនៅតែទទូចជាថ្មី ឱ្យយោធាមីយ៉ាន់ម៉ាបញ្ចៀសការប្រើប្រាស់ហិង្សា ប្រឆាំងក្រុមបាតុករ ដែលនាំគ្នាតវ៉ាដោយសន្តិវិធី។ តែព្រមពេលជាមួយគ្នា អ្នកនំាពាក្យរូបនេះក៏បានអះអាងដែរថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនទាំងអស់ ដើម្បីដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា រហូតដល់ពួកគេយល់ព្រមបកក្រោយវិញ។

គួរបញ្ជាក់ថា វេជ្ជបណ្ឌិតម្នាក់ក្នុងរដ្ឋធានីណៃពិដោ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានទទួលស្គាល់ពីការស្លាប់របស់បាតុករម្នាក់ ជាលើកដំបូងបំផុតដែលត្រូវបាន កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាញ់ឱ្យរបួសធ្ងន់។ យុវតីឈ្មោះ ម្យ៉ា ថ្វាតេ ខេង (Mya Thwate Thwate Khaing) មានអាយុ ២០ឆ្នាំ បានសន្លប់បាត់ស្មារតី និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយរូបនាងត្រូវបានគេបាញ់ចំក្បាល កំឡុងចូលរួមបាតុកម្មតវ៉ាក្នុងរដ្ឋធានីណៃពិដោ កាលពីសប្ដាហ៍មុន៕