(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃសុក្រនេះថា យ៉ាងហោចណាស់ប្រមុខរដ្ឋ ឬរដ្ឋាភិបាលចំនួន ៨រូបហើយ បានទទួលចាក់វ៉ាក់សាំងរបស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៩ ខែកម្ភៈ ឆ្នាំ២០២១។

លោក Hua Chunying ដែលជាអ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការកត់សម្គាល់បែបនេះ នៅឯសន្និសីទសារព័ត៌មានមួយ នៅពេលដែលត្រូវបានគេស្នើឲ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ពាក់ព័ន្ធស្តីពីវ៉ាក់សាំងចិន។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា«យើងមានសេចក្តីរីករាយណាស់ ដែលបានទទួលដំណឹងថា វ៉ាក់សាំងចិនអាចជួយសម្រាលនូវតម្រូវការបន្ទាន់របស់ប្រទេសពាក់ព័ន្ធ ក្នុងពេលដ៏សំខាន់នៃការប្រយុទ្ធនឹងជំងឺរាតត្បាតសកល»

គួរបញ្ជាក់ថា យោងតាមលោក Hua ប្រទេសជាច្រើនបានបញ្ជូនយន្តហោះពិសេសរបស់ខ្លួន ទៅកាន់ប្រទេសចិនដើម្បីទទួលដឹកវ៉ាក់សាំង ហើយប្រមុខរដ្ឋឬរដ្ឋាភិបាលនៃប្រទេសទាំងនោះ បានធ្វើដំណើរទៅកាន់អាកាសយានដ្ឋានដើម្បីស្វាគមន៍វ៉ាក់សាំងចិន៕