(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍កាលពីពេលថ្មីៗនេះថាបានជួបពិភាក្សាជាមួយក្រុមមនុស្សជំនិតរបស់លោក ជុំវិញការចែកផ្លូវជាមួយគណបក្សសាធារណរដ្ឋ ទៅបង្កើតគណបក្សនយោបាយថ្មីមួយ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីសាជាថ្មី នៅឆ្នាំ២០២៤ ខាងមុខ។

បើតាមសារព័ត៌មាន Wall Street Journal នៅក្នុងកិច្ចពិភាក្សានោះ លោក ដូណាល់ ត្រាំ និងក្រុមមនុស្សជំនិតរបស់លោកមានបំណងបង្កើតគណបក្សថ្មីដោយដាក់ ឈ្មោះថាគណបក្សអ្នកស្នេហាជាតិ (Patriot Party) ឬគណបក្សធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត (MAGA Party)។ ព័ត៌មានជុំវិញការបង្កើតគណបក្សថ្មីនេះ កើតមានឡើង ចំពេលគណបក្សសាធារណរដ្ឋត្រូវបានគេមើលឃើញថាកំពុងប្រឈមមុខនឹងការបែកបាក់ផ្ទៃក្នុង។

ទិន្នន័យចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឱ្យដឹងថាអ្នកសាធារណរដ្ឋច្រើនជាង ៦៨,០០០នាក់បានចាកចេញពីគណបក្ស ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះនៅក្នុងរដ្ឋ Florida, Pennsylvania និងរដ្ឋ North Carolina ដែលសុទ្ធសឹងជារដ្ឋដ៏សំខាន់ ដែលគណបក្សប្រជាធិបតេយ្យ ត្រូវការឈ្នះជាចាំបាច់ដើម្បីបន្តគ្រប់គ្រងសភាទាំង២របស់សហរដ្ឋអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅឆ្នាំ២០២២។ ការសម្រេចចិត្តចាកចេញនេះ គឺដោយសារតែពួកគេមិនពេញចិត្ត និងខឹងសម្បារចំពោះលោក ដូណាល់ ត្រាំ។

តែទោះជាបែបនេះក្ដី អ្នកឃ្លាំមើលស្ថានការណ៍នយោបាយអាមេរិកជាច្រើនយល់ឃើញថាអតីតប្រធានាធិបតីរូបនេះនៅតែមានឥទ្ធិពលខ្លាំងដដែល នៅក្នុង គណបក្សសាធារណរដ្ឋ ហើយឥទ្ធិពលបែបនេះស្ដែងចេញឱ្យឃើញកាន់តែយ៉ាងច្បាស់ បន្ទាប់ពីព្រឹទ្ធសភាអាមេរិកបានសម្រេចចិត្តបោះឆ្នោតឱ្យលោក ដូណាល់ ត្រាំ រួចខ្លួនពីការចោទប្រកាន់ពីបទញុះញង់ឱ្យក្រុមកុបករគាំទ្ររូបលោកវាយប្រហារលើវិមានសភាកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ ដែលបណ្ដាលឱ្យមនុស្ស៥នាក់ស្លាប់។

នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅនេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ៧រូបតែប៉ុណ្ណោះបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ ហើយ ៤៣រូបផ្សេងទៀតបានបោះឆ្នោតជំទាស់។ បើលោក ត្រាំនៅតែមានឥទ្ធិពលខ្លាំងដដែល តើលោកចាំបាច់អីទៅបង្កើតគណបក្សថ្មី?

ការស្ទង់មតិចេញផ្សាយដោយទូរទស្សន៍អាមេរិក CBS កាលពីថ្ងៃទី៩ ខែកុម្ភៈនេះ បានរកឃើញថាអ្នកគំាទ្រគណបក្ស​សាធារណរដ្ឋ៧០​ភាគរយ​អាចនឹងពិចារណាចូលរួម ក្នុងគណបក្សថ្មីដឹកនាំដោយលោក ដូណាល់ ត្រាំ រីឯ ៣០ភាគរយទៀតបាននិយាយថាពួកគេនឹងមិនចាកចេញពីគណបក្សសាធារណរដ្ឋទេ។ មើលមួយភ្លែត ផ្អែកលើការស្ទង់មតិនេះ លោក ត្រាំពិតជានឹងទទួលជោគជ័យនៅក្នុងការបង្កើតគណបក្សថ្មី។ ក៏ប៉ុន្តែនៅក្នុងប្រវត្តិសាស្រ្តអាមេរិក ការបង្កើតគណបក្សថ្មី ឬគណបក្សទី៣ ផ្សេងពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋគឺសឹងតែមិនដំណើរការ ឬមិនដែលទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតឡើយ។

ជាឧទាហរណ៍ ដោយសារតែការមិនពេញចិត្តនឹងគណបក្សសាធារណរដ្ឋ អតីតប្រធានាធិបតីលោក Theodore Roosevelt បានសម្រេចចិត្តបង្កើតគណបក្សថ្មីមួយឈ្មោះ Progressive Party ឬគណបក្ស Bull Moose Party ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅឆ្នាំ១៩១២។ ការសម្រេចចិត្តរបស់លោក Roosevelt បានបំបែក សំឡេងគំាទ្រគណបក្សសាធារណរដ្ឋ ហើយគណបក្សថ្មីរបស់លោកក៏ទទួលបរាជ័យ ចំណែកឯអ្នកដែលក្លាយជាប្រធានាធិបតីពិតប្រាកដនៅពេលនោះ បែរជាលោក Woodrow Wilson មកពីគណបក្សប្រជាធិបតេយ្យទៅវិញ។

ជាការពិតណាស់ មកទល់នឹងពេលនេះមិនទាន់មានការបកស្រាយឱ្យបានច្បាស់ថាតើហេតុអ្វីបានជាការបង្កើតគណបក្សថ្មី ឬគណបក្សទី៣ នៅក្នុងសហរដ្ឋអាមេរិកមិនទទួលបានជោគជ័យ? ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយអាមេរិកជឿជាក់ថាលោក ដូណាល់ ត្រាំ រួមទាំងក្រុមមនុស្សជំនិតរបស់លោក ក៏ប្រហែលជាដឹងដែរថា ការបង្កើតគណបក្សថ្មីមានតែបំបែកសំឡេងគាំទ្រគណបក្សសាធារណរដ្ឋ និងផ្ដល់ផលចំណេញឱ្យគណបក្សប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ដូច្នេះ ប្រសើរជាងរត់ទៅបង្កើត គណបក្សថ្មី ពួកគេយល់ថាការរក្សាឥទ្ធិពលដែលមានស្រាប់ ឬការផ្សះផ្សានៅក្នុងបក្ស ទើបជារឿងដែលលោក ត្រាំ ត្រូវធ្វើពិតប្រាកដ បើសិនជាលោកសម្រេចចិត្តចូលរួម ឈរឈ្មោះបេក្ខជនប្រធានាធិបតីសាជាថ្មីនៅឆ្នាំ២០២៤។ លើសពីនេះទៅទៀត ខណៈនៅតែមានអ្នកគាំទ្រច្រើននៅក្នុងបក្សការបង្កើតគណបក្សថ្មីប្រហែលគ្រាន់តែជា ពាក្យចចាមអារ៉ាមដែលលោក ត្រាំ ចង់បំភ័យថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋជាមួយការផ្ញើសារថា៖ «បើសិនជាពួកអ្នកមិន ឬឈប់គាំទ្រខ្ញុំ នោះខ្ញុំនឹងនាំអ្នកគាំទ្ររបស់ ខ្ញុំចេញពីបក្ស ទៅបង្កើតគណបក្សថ្មី»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំមិនទាន់ប្រកាសជាផ្លូវការពីការបង្កើតគណបក្សថ្មី ឬក៏ចូលរួមឈរឈ្មោះជាបេក្ខជនប្រធានាធិបតី នៅឆ្នាំ២០២៤ ឬក៏យ៉ាងណានោះទេ។ ប៉ុន្តែ លោកធ្លាប់បានបង្ហាញពីចេតនាចង់ចូលរួមជាច្រើនលើក ក្នុងនោះរួមមានទាំងកំឡុងពិធីទទួលទានអាហារពេលល្ងាច នៅឯសេតវិមាន កាលពីខែធ្នូ ឆ្នាំ២០២០ ដែលលោកផ្ទាល់បានលើកឡើងដូច្នេះថា៖ « វាគឺជារយៈពេល ៤ឆ្នាំដ៏អស្ចារ្យ...ហើយខ្ញុំនឹងជួបអ្នកទាំងគ្នាម្ដងទៀត នៅ៤ឆ្នាំក្រោយ»

ប្រភព៖ Reuters, New York Times (នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១)