(ប៉េកាំង)៖ បុណ្យចូលឆ្នាំថ្មីឆ្នាំឆ្លូវប្រពៃណីចិន មានភាពខុសពីធម្មតា ប្រជាជនចិនជាច្រើនបានជ្រើសរើសការចូលឆ្នាំថ្មីចិននៅតំបន់ធ្វើការ ។ មិនបាច់ធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញដូចឆ្នាំមុនៗ កាត់បន្ថយការទៅសួរសុខទុក្ខចំពោះមិត្តភក្តិ និងញាតិសន្តាន និងកាត់បន្ថយការជួបជុំគ្នា ប្រជាជនចិនមួយចំនួនបានចូលឆ្នាំថ្មីចិនមួយ តាមបែបសន្សំសំចៃបំផុត ។ ប្រើប្រៀបធៀបនឹងឆ្នាំមុនៗ ការចំណាយក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំនេះ ក៏មានបម្រែបម្រួលថ្មីមួយចំនួនផងដែរ ។

បុណ្យចូលឆ្នាំថ្មីចិនរយៈពេល ៧ថ្ងៃបានកន្លងផុតទៅយ៉ាងចាប់រហ័ស បើប្រៀបធៀបនឹងការត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីចូលឆ្នាំថ្មីចិន ការចូលឆ្នាំថ្មីចិននៅតំបន់ធ្វើការ ធ្វើឱ្យខ្ញុំសន្សំលុយបានយ៉ាងច្រើន ។ សូមក្រឡេកមើលការចំណាយរបស់ខ្ញុំ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិន៖ សំបុត្រភាពយន្ត ១២៨យាន់ប្រាក់ចិន ទិញផ្លែឈើ បន្លែ និងចំណីកំប៉ិកកំប៉ុក សរុបប្រហែល ៧រយយាន់ ទិញបាយម្ហូបវេចខ្ចប់ និងទៅហូបបាយនៅភោជ្ជនីយដ្ឋាន សរុបប្រហែល ៥រយយាន់ ថែមទាំងការចំណាយផ្សេងទៀត បានចំណាយសរុបប្រហែល១ពាន់៧រយយាន់។ ប្រើប្រៀបធៀបនឹងការចំណាយរបស់មិត្តភក្តិខ្ញុំ ដែលរស់នៅស្រុកកំណើត ចំណាយរបស់មិត្តភក្តិខ្ញុំក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី មានទាំងអាំងប៉ាវ អំណោយជាប្រាក់ អំណោយជាទំនិញសម្រាប់ចូលឆ្នាំថ្មីចិន និងចំណាយការជួបជុំរបស់មិត្តរួមថ្នាក់។ល។ ការចំណាយយ៉ាងច្រើនពិតជាធ្វើឱ្យមិត្តភក្តិខ្ញុំ រងសម្ពាធខ្លាំងមែនទែន ។

ទោះយ៉ាងនេះក្តី ទម្លាប់របស់ជនជាតិចិនក្នុងអំឡុងពេលចូលឆ្នាំថ្មីចិន គឺហូបចុកនិង ទិញទំនិញ ! ៨២.១ ប៊ីលានយាន់ប្រាក់ចិន នេះជាការចំណាយរបស់អ្នកប្រើប្រាស់ចិនចំនួន ១ពាន់៤រយលាននាក់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីឆ្នាំឆ្លូវ ។ ការចូលឆ្នាំថ្មីចិននៅតំបន់ធ្វើការ បានកែប្រែបែបផែនចំណាយរបស់ប្រជាជនជាច្រើន បានកើតមានបែបផែនចំណាយថ្មី និងទម្លាប់ថ្មីដូចជា៖

* ការលេងកំសាន្តនៅជុំវិញតំបន់រស់នៅ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង៖ ការចូលឆ្នាំថ្មីនៅតំបន់ធ្វើការ ធ្វើឱ្យការលេងកំសាន្តនៅជុំវិញទីក្រុង និងបើកឡានធ្វើដំណើរមិនសូវឆ្ងាយ កាន់តែទទួលប្រជាប្រិយភាព។ ដូច្នេះហើយបានជា ការដើរលេងនៅជុំវិញតំបន់រស់នៅ និងដើរលេងនៅជាយទីក្រុង បានជំនួសការដើរលេងនៅតំបន់ឆ្ងាយ ប្រការនេះបានក្លាយជានិន្នាការចំណាយខាងទេសចរណ៍ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីឆ្នាំឆ្លូវ។

* សណ្ឋាគារមានភ្ញៀវពេញ៖ ការចូលឆ្នាំថ្មីនៅតំបន់ធ្វើការ ក៏ធ្វើឱ្យសណ្ឋាគារមានភ្ញៀវស្នាក់នៅពេញផងដែរ សណ្ឋាគារនិងផ្ទះសំណាក់នៅជាយទីក្រុងធំ និងមធ្យមមានភ្ញៀវពេញណាស់។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំនេះ យុវជនជាច្រើនបានរួមគ្នាចូលឆ្នាំថ្មីនៅសណ្ឋាគារ ធ្វើឱ្យពួកគេមានចំណាប់អាំរម្មណ៍ពិសេសចំពោះឆ្នាំនេះ។

* បាយម្ហូបវេចខ្ចប់បានលក់ដាច់ណាស់៖ ឆ្នាំនេះ ចំណាយក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិន មានបន្ថែមការចំណាយមួយប្រភេទ ពោលគឺការបញ្ជាទិញបាយម្ហូបវេចខ្ចប់។ ដោយសារការចូលឆ្នាំថ្មីនៅតំបន់ធ្វើការ យុវជនជាច្រើនមិនសូវចូលចិត្តធ្វើបាយដោយខ្លួនឯង ដូច្នេះបាយម្ហូបវេចខ្ចប់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ។

* ការប្រើប្រាស់ដើម្បីសុខភាពមានភាពពេញនិយម៖ ក្នុងបរិបទការរីករាលដាលនៃជំងឺឆ្លង ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំនេះ អ្នកផងទាំងពួងកាន់តែផ្តោតសំខាន់ទៅលើសុខភាព ខណៈពេលទិញកាដូជូនមិត្តភក្តិ ឬមួយក៏ញាតិសន្តាន ការប្រើប្រាស់ដើម្បីសុខភាព ក៏បានក្លាយជារឿងទាន់សម័យផងដែរ។
ការចំណាយក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិន បានបង្ហាញពីបម្រែបម្រួលថ្មីក្នុងសង្គម និងសេដ្ឋកិច្ចចិន និងសភាពការណ៍ថ្មីក្នុងការលើកកម្ពស់ លំដាប់ថ្នាក់លើវិស័យការប្រើប្រាស់។ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំនេះ តើលោកអ្នកបានចំណាយប៉ុន្មាន?