(បាងកក)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរគ្រប់់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ បានប្រកាសរកឃើញអ្នកឆ្លងជំងឺនេះ ១៣០នាក់ថ្មីទៀត ដោយក្នុងនោះ ១១៦នាក់ជាករណីឆ្លងក្នុងស្រុក និង ១៤នាក់ជាករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post។

ខេត្តសាមុនសាខនភាគនិរតីទីក្រុងបាងកក នៅតែជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារការរាតត្បាត COVID-19 ដោយរ៉ាប់រងករណីឆ្លងសរុប ៧១ករណី (ជនជាតិមីយ៉ាន់ម៉ា ៤៩នាក់ និងថៃ ២២នាក់) ឬស្មើនឹង ៧១% នៃករណីឆ្លងក្នុងស្រុកសរុបទាំង ១១៦ករណី។ បន្ទាប់មកទៀតគឺខេត្ត ផាធុមថានី (Pathum Thani) ដែលរ៉ាប់រង ២២ករណីឆ្លង (មីយ៉ាន់ម៉ា ១២នាក់ និងថៃ ១០នាក់)។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះប្រទេសថៃមានករណីឆ្លង COVID-19 សរុប ២៥,២៤១ករណី ក្នុងនោះស្លាប់ ៨៣នាក់ និងជាសះស្បើយវិញ ២៤,០៧០នាក់។ អាជ្ញាធរថៃក៏បានបញ្ជាក់ផងដែរថា លោកវេជ្ជបណ្ឌិត ផាន់យ៉ា ហាន់ផានិផាន់ (Panya Hanphanitphan) អាយុ ៦៦ឆ្នាំ គឺជាអ្នកដែលបានស្លាប់ចុងក្រោយបង្អស់ និងជាវេជ្ជបណ្ឌិតថៃទីមួយ ដែលត្រូវបាន COVID-19 ឆក់យកអាយុជីវិត៕