(រ៉ង់ហ្គូន)៖ ក្រុមអ្នកប្រឆាំងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា បានស្វាមគមន៍ការដាក់ទណ្ឌកម្មរបស់ចក្រភពអង់គ្លេស និងកាណាដានៅថ្ងៃសុក្រនេះ ខណៈក្រុមបាតុករត្រូវបានគេរំពឹងថា នឹងបន្តធ្វើបាតុកម្មទាមទារឱ្យដោះលែងលោកស្រី អោង សាន ស៊ូ ជី និងអ្នកនយោបាយកំពុងជាប់ឃុំផ្សេងទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

សកម្មជនប្រឆាំងរដ្ឋប្រហារយោធា បានបង្ហាញការស្វាគមន៍ ចំពោះចក្រភពអង់គ្លេស សម្រាប់ការបង្កកទ្រព្យសម្បត្តិ និងហាម ឧត្តមសេនីយ៍ ០៣រូប ចូលក្នុងប្រទេសពួកគេ ព្រមទាំងបញ្ឈប់រាល់ជំនួយដល់របបយោធា និងដាក់បម្រាមមិនឱ្យក្រុមហ៊ុនអង់គ្លេស រកស៊ីជាមួយយោធាមីយ៉ាន់ម៉ា។

រីឯ ប្រទេសកាណាដាវិញក៏បានអះអាងផងដែរថា ខ្លួននឹងចាត់វិធានការប្រឆាំងឧត្តមសេនីយ៍មីយ៉ាន់ម៉ា ០៩រូប ស្របពេលជប៉ុនចេញមុខដាក់សម្ពាធបន្ថែមផ្នែកការទូត តាមរយៈការឯកភាពគ្នាជាមួយប្រទេសអូស្ត្រាលី ឥណ្ឌា និងសហរដ្ឋអាមេរិក លើភាពចាំបាច់ស្ដារប្រជាធិបតេយ្យ ឡើងវិញឱ្យបានលឿនបំផុតនៅមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនទាន់បានបញ្ចេញប្រតិកម្មអ្វី ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថ្មីៗខាងលើនោះទេ ហើយវាក៏អាចមិនមែនជារឿងភ្ញាក់ផ្អើលឡើយ ដ្បិតកាលពីថ្ងៃអង្គារកន្លងទៅ អ្នកនាំពាក្យយោធាម្នាក់ បាននិយាយរួចហើយនៅក្នុងសន្និសីសារព័ត៌មានថា យោធាមីយ៉ាន់ម៉ាអាចនឹងប្រឈមមុខ ការដាក់ទណ្ឌកម្មបន្ថែមពីលោកខាងលិច។ បើតាមសមាគមផ្តល់ជំនួយ សម្រាប់អ្នកទោសនយោបាយមីយ៉ាន់ម៉ា មកទល់នឹងពេលនេះមនុស្ស ៥២១នាក់ ត្រូវបានយោធាចាប់ឃុំខ្លួន និង ៤៤នាក់ ត្រូវបានដោះលែងគិតចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ ដែលអន្តរជាតិចាត់ទុកថាជារដ្ឋប្រហារ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១៕