(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតសម្រេចឱ្យអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួចខ្លួនពីការចោទប្រកាន់ និងការកាត់ទោសជាលើកទី២ ដោយបានបិទបញ្ចប់សវនាការ ដែលចំណាយពេលខ្លីបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងការបោះឆ្នោត កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ៧រូប បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីបោះឆ្នោតចោទប្រកាន់ និងកាត់ទោសលោក ដូណាល់ ត្រាំ ពីបទញុះញង់ឱ្យក្រុមកុបករគាំទ្ររូបលោកវាយប្រហារ លើវិមានសភាកាលពីថ្ងៃទី០៦ ខែមករា កន្លងទៅ ដែលបណ្ដាលឱ្យមនុស្ស៥នាក់ស្លាប់។

ប៉ុន្តែ ពួកគេនៅតែបរាជ័យរកឱ្យបានសំឡេង ២ ភាគ៣ ដើម្បីអាចកាត់ទោសលោក ត្រាំ បាននោះទេ ដោយព្រឹទ្ធសភា បោះឆ្នោតក្នុងសំឡេងគាំទ្រ ៥៧ ទល់នឹង៤៣សំឡេងជំទាស់។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលលោក ដូណាល់ ត្រាំ រួចខ្លួនពីការកាត់ទោសនៅក្នុងព្រឹទ្ធសភាអាមេរិក បន្ទាប់ពីលោកធ្លាប់រួចខ្លួនម្ដងដែរ កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ។ លោក ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបំផុត ដែលត្រូវបានសភាអាមេរិកចោទប្ដឹងដកតំណែងដល់ទៅ ២ដង ហើយលោកក៏ បានរួចខ្លួនដល់ទៅ ២ដងផងដែរ៕