(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លង COVID-19 ក្នុងស្រុកថ្មីៗចំនួន ៣៧ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។

បើតាមក្រសួងសុខាភិបាលវៀតណាម ករណីឆ្លងថ្មីៗខាងលើទាំងអស់នេះ ត្រូវបានរាយការណ៍ចេញពីខេត្តហៃឌុង (Hai Duong) ភាគខាងជើងប្រទេស ជាទីដែលវីរុសកូរ៉ូណា (COVID-19) បានឆ្លងរាលដាលខ្លាំងបំផុត សម្រាប់រលកថ្មីនៅប្រទេសវៀតណាម។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១,៩៤៨ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៤៦១នាក់។ បើពិនិត្យទៅលើករណីឆ្លងតែ ៣៧នាក់ខាងលើនេះ គឺជាអត្រាឆ្លងប្រចាំថ្ងៃធ្លាក់ចុះទាបមកវិញ បន្ទាប់ពីការរកឃើញករណីឆ្លង COVID-19 រាប់រយករណីក្នុងមួយថ្ងៃ កាលពីអំឡុងពេលមួយសប្តាហ៍មុន៕