(រ៉ង់ហ្គូន)៖ ក្រុមប្រឹក្សារដ្ឋបាលនៃសហភាពមីយ៉ាន់ម៉ា បានបើកកិច្ចប្រជុំជាមួយរដ្ឋមន្ត្រី និងក្រុមមន្ត្រីថ្នាក់ជាតិ កាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីការកើតមានរដ្ឋប្រហារ និងចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃរដ្ឋាភិបាលរបស់លោកស្រី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។

កិច្ចប្រជុំខាងលើបានប្រព្រឹត្តទៅក្នុងរដ្ឋធានីណៃពីដោ ក្រោមការចូលរួមដោយផ្ទាល់ពី លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង (Min Aung Hlaing) ព្រមទាំងរដ្ឋមន្ត្រី និងក្រុមមន្ត្រីមីយ៉ាន់ម៉ាជាច្រើនរូបទៀត ដែលទើបតែត្រូវបានតែងតាំង កាលពីប៉ុន្មានថ្ងៃមុននេះ។ នៅក្នុងកិច្ចប្រជុំនោះដែរ លោក មីន អោង ហ្លេង នៅតែបញ្ជាក់ជំហរដដែលថា ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ធ្វើឡើងជាការឆ្លើយតបទៅនឹង ការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលត្រូវបានលួចបន្លំ។

លោក មីន អោង ហ្លេង បានបន្ថែមទៀតថា ការតែងតាំងរដ្ឋមន្ត្រីថ្មីចំនួន ១១រូបដោយយោធា គឺត្រូវបានធ្វើឡើងដោយផ្អែកលើបទពិសោធន៍ និងសមត្ថភាពរបស់ពួកគេ ក្នុងការបំពេញការងារ អំឡុងការដាក់ប្រទេសក្នុងគ្រាអាសន្ន។

គួរបញ្ជាក់ថា ក្រោយការធ្វើរដ្ឋប្រហារ យោធាមីយ៉ាន់ម៉ាបានតែងតាំងរដ្ឋមន្ត្រីថ្មីចំនួន ១១រូប និងបណ្ដេញអនុរដ្ឋមន្ត្រី ២៤រូបនៃរដ្ឋបាលភិបាលរបស់លោកស្រី ស៊ូជី ចេញពីតំណែងភ្លាមៗ។ យោធាក៏បានសន្យាដែរថា នឹងរៀបចំការបោះឆ្នោតដ៏ត្រឹមត្រូវមួយ ក្រោយការដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវបញ្ចប់ ហើយនឹងប្រគល់អំណាចដល់អ្នក ដែលឈ្នះក្នុងការបោះឆ្នោត៕