(វ៉ាស៊ីនតោន)៖ របាយការណ៍មួយត្រូវបានបញ្ជូនទៅកាន់សភាអាមេរិក ដោយក្នុងនោះបានស្នើឲ្យរដ្ឋបាលលោក ចូ បៃដិន ពន្យារពេលក្នុងការដកកងទ័ព អាមេរិកទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងរបាយការណ៍ខាងលើនេះ បានគូសបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកមិនគួរបោះបង់ចោល ដំណើរការស្វែងរកសន្តិភាព សម្រាប់ប្រទេសអាហ្វហ្គានីស្ថាននោះឡើយ ហើយបើតាមការពិនិត្យមើលភពជាក់ស្តែង អាមេរិកមិនអាចសម្រេចគោលដៅរបស់ខ្លួនបានឡើយ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នៅក្នុងការដកកងទ័ពទាំងអស់ចេញ ពីប្រទេសអាស៊ីខាងត្បូងមួយនេះ តបតាមកិច្ចព្រមព្រៀងជាមួយក្រុមតាលីបង់ ដែលត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ២០២០នោះ។

របាយការណ៍របស់ក្រុមអ្នកជំនាញ ដែលសិក្សាអំពីស្ថានការណ៍ នៅអាហ្វហ្គានីស្ថានជាប្រចាំ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការដកកងទ័ពទាំងអស់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន នឹងអាចរុញច្រានទៅរកសង្គ្រាមស៊ីវិល, អស្ថិរភាពក្នុងតំបន់ និងធ្វើឲ្យក្រុមភេរវករអាល់កៃដា មានលទ្ធភាពបង្កការគំរាមកំហែងឡើងវិញ»

គួរបញ្ជាក់ថា កាលលោក ដូណាល់ ត្រាំ នៅកាន់តំណែងជាប្រធានាធិបតីអាមេរិក លោកបានចេញបញ្ជាឲ្យដកកងទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ដោយបន្តរក្សាទុកត្រឹមតែចំនួន ២,៥០០នាក់ប៉ុណ្ណោះ កាលពីខែមករា កន្លងទៅថ្មីៗនេះ បើទោះបីជាអំពើហិង្សានៅតែបន្តផ្ទុះឡើង ស្ទើរជារៀងរាល់ថ្ងៃក៏ដោយ។

របាយការណ៍ខាងលើ ក៏បានព្រមានផងដែរថា ឆ្នាំ២០២១នេះ គឺជាពេលគំរប់ខួប ២០ឆ្នាំនៃ «មហាភេរវកម្ម ១១/កញ្ញា» ហេតុដូច្នេះសហរដ្ឋអាមេរិក មិនគួរធ្វេសប្រហែសចំពោះស្ថានការណ៍ នៅអាហ្វហ្គានីស្ថាននោះឡើយ ព្រោះគ្មាននរណាអាចធានាបានថា បញ្ហាដដែលមិនអាចកើតមានឡើងម្តងទៀតនោះឡើយ៕