(ហាណូយ)៖ រដ្ឋមន្រ្តីសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានរាយការណ៍អំពីការរកឃើញអ្នកឆ្លងវីរុស COVID-19 ថ្មីៗចំនួន ២៧៦នាក់បន្ថែមទៀត ដែលបានឆ្លងរីករាលដាលដល់ខេត្ត និងក្រុងចំនួន១០។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋមន្រ្តីសុខាភិបាលវៀតណាម លោក ង្វៀន ថាញ់ ឡុង (Nguyen Thanh Long) បានគូសបញ្ជាក់ប្រាប់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា «ការធ្វើតេស្តបានបង្ហាញថា ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំង ២៧៦នាក់ខាងលើ មាន ១២នាក់បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះវីរុស COVID-19 ទម្រង់ថ្មី ដែលត្រូវបានគេរកឃើញដំបូងគេបង្អស់ នៅចក្រភពអង់គ្លេស។ ហេតុដូចនេះយើងចាំបាច់ត្រូវតែអនុវត្ត តាមវិធានការពាក់ម៉ាសទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ»

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រានូវចំនួនអ្នកឆ្លងវីរុស COVID-19 សរុបនៅទូទាំងប្រទេស ១,៨៥០នាក់ ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៤៦០នាក់។ ឆ្លើយតបចំពោះការផ្ទុះរលកថ្មីនៃការឆ្លង COVID-19 ខាងលើនេះ រដ្ឋាភិបាលទីក្រុងហាណូយបានចេញបញ្ជាឲ្យអាជ្ញាធរគ្រប់ខេត្តក្រុង បង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងធ្វើតេស្តភ្លាមៗ៕