(រ៉ង់ហ្គូន)៖ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៅថ្ងៃអង្គារនេះបានអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ា ដោះលែងមេដឹកនាំរបស់ខ្លួនគឺលោក អោង សាន ស៊ូជី និងថ្នាក់ដឹកនាំដទៃៗទៀតរបស់បក្សនេះជាបន្ទាន់ ក្រោយការកើតមានរដ្ឋប្រហារកាលពីថ្ងៃចន្ទម្សិលមិញ ដែលបាននិងកំពុងបង្កឱ្យមាន ការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ និងការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់សហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោយការធ្វើរដ្ឋប្រហារបានមួយថ្ងៃ យោធាមីយ៉ាន់ម៉ាបច្ចុប្បន្ននេះកំពុងគ្រប់គ្រងប្រទេសទាំងស្រុង រីឯកងទ័ពជាច្រើនត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ ហើយបម្រាមគោចរចាប់ពីម៉ោង ៨៖០០នាទីយប់ដល់ម៉ោង ៦៖០០នាទីព្រឹក ក៏បានចូលជាធរមានរួចហើយដែរនៅទូទាំងប្រទេស ក្រោមក្រខណ្ឌនៃការប្រកាសភាពអាសន្ន។ តាមរយៈទីភ្នាក់ងារព័ត៌មាន AFP តំណាងរាស្ត្រម្នាក់មកពីគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិលប្រជាធិបតេយ្យេ (NLD) បានអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី អោង សាន ស៊ូជី និងថ្នាក់ដឹកនាំរបស់ខ្លួនដទៃទៀតជាបន្ទាន់។

តំណាងរាស្ត្ររបស់ NLD ខាងលើនេះក៏បានបញ្ជាក់ដែរថា លោកស្រី ស៊ូជី និងលោកប្រធានាធិបតី យូ វីន ម្យីនត៍ (U Win Myint) កំពុងស្ថិតនៅក្រោមការឃុំខ្លួននៅក្នុងផ្ទះ ប៉ុន្តែមិនទាន់មាននរណាដឹងថា អ្នកទាំងពីរស្ថិតនៅកន្លែងណាឲ្យប្រាកដនោះឡើយ។ «យើងមិនអាចចេញក្រៅបានឡើយ ហើយយើងពិតជាមានការព្រួយបារម្ភខ្លាំងណាស់»។ នេះជាការបន្ថែមរបស់តំណាងរាស្ត្រជាស្ត្រីខាងលើ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។

គួរបញ្ជាក់ថា ក្រោយការធ្វើរដ្ឋប្រហារកាលពីថ្ងៃចន្ទម្សិលមិញនេះ យោធាមីយ៉ាន់ម៉ាបានប្រកាសដករដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីសរុបចំនួន ២៤នាក់របស់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូជី ហើយដាក់ជំនួសឲ្យវិញនូវមន្រ្តីរបស់ខ្លួន ១១នាក់។ ការផ្លាស់ប្តូរនោះរួមមានតំណែងនៅក្រសួងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន ក្រសួងព្រំដែន ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងក្រសួងការពារជាតិជាដើម។ អគ្គមេបញ្ជាការយោធាលោក មីន អោង ហ្លេង បានសន្យាថា នឹងរៀបចំការបោះឆ្នោតដោយសេរី និងមានតម្លាភាព ហើយផ្ទេរអំណាចឲ្យទៅគណបក្ស ដែលឈ្នះដោយត្រឹមត្រូវ។ យោធាមីយ៉ាន់ម៉ាបានអះអាងទៀតថា នឹងមានការបោះឆ្នោតក្រោយរយៈពេល ០១ឆ្នាំនៃការដាក់ប្រទេសក្នុងគ្រាអាសន្ន គិតចាប់ពីថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

លោកស្រី អោង សាន ស៊ូជី ដែលត្រូវបានយោធាចាប់ឃុំខ្លួន ជាមួយបណ្តាថ្នាក់ដឹកនាំបក្សកាន់អំណាច NLD របស់លោកស្រី កាលពីថ្ងៃចន្ទបានអំពាវនាវឲ្យប្រជាជនមីយ៉ាន់ម៉ា នាំគ្នាធ្វើបាតុកម្មតវ៉ា និងកុំទទួលស្គាល់ការឡើងគ្រប់គ្រងអំណាចរបស់យោធា។ យោធាមីយ៉ាន់ម៉ាបានអះអាងថា ការធ្វើសកម្មភាពបែបនេះរបស់ខ្លួន គឺឆ្លើយតបទៅនឹងការបោះឆ្នោតប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានការលួចបន្លំ។ យ៉ាងណាក៏ដោយ ក្រោយបណ្តាញអ៉ីនធើណិត ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងប្រព័ន្ធទំនាក់ទំនងនានាត្រូវបានបិទខ្ទប់ ស្ថានការណ៍ជាក់ស្តែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ពិតជាមិនទាន់មាននរណាអាចដឹងច្បាស់លាស់នោះឡើយ៕