(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅដើមសប្ដាហ៍នេះ បានឆ្លើយតបទៅកាន់ក្រុមអ្នករិះគន់មួយចំនួន ជុំវិញការបំពេញបេសកម្មស្រាវជ្រាវ ក្រោមគោលដៅស្វែងរកប្រភពដើមនៃការឆ្លងរីករាលដាល COVID-19 ថា «ប្រសិនបើអ្នកដឹងការពិតអំពីបញ្ហានេះ គួរតែបង្ហាញភស្តុតាងជាក់ស្ដែងមក»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) បានឆ្លើយតបទៅកាន់ក្រុមអ្នករិះគន់លើអង្គការអន្តរជាតិមួយនេះ ជុំវិញបេសកកម្មស្រាវជ្រាវរកការពិត នៅទីក្រុងវូហានប្រទេសចិនថា ក្រុមមនុស្សដែលបានអះអាងថា ពួកគេមានព័ត៌មានច្បាស់លាស់ អំពីប្រភពដើមនៃការឆ្លងរីករាលដាលជំងឺរាតត្បាត COVID-19 គួរតែចេញមុខបង្ហាញភស្តុតាងមក។

លោក Ryan បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានពីទីស្នាក់ការកណ្តាលរបស់ WHO នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ក្រុមអ្នករិះគន់ជាច្រើន បានអះអាងថា ពួកគេនឹងមិនទទួលយករបាយការណ៍ស៊ើបអង្កេតរបស់ WHO នោះទេ នៅពេលដែលរបាយការណ៍នោះចេញមកជាផ្លូវការ ឬចេញមកមានភាពខុសគ្នាពីការរកឃើញរបស់ពួកគេ។ លោក Ryan បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ប្រសិនបើអ្នកមានភស្តុតាង... សូមបង្ហាញប្រាប់យើងឱ្យដឹងផង។ តើវាតម្រូវឲ្យមានការទទួលខុសត្រូវយ៉ាងដូចម្តេច នៅក្នុងការនិយាយថា អ្នកនឹងមិនទទួលយករបាយការណ៍ មុនដែលពេលរបាយការណ៍មិនទាន់ត្រូវបានបង្ហាញជាផ្លូវការនោះ?»

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមអ្នកជំនាញរបស់ WHO កំពុងស្ថិតនៅទីក្រុងវូហាន ប្រទេសចិន ដែលជាកន្លែងរកឃើញករណីឆ្លង COVID-19 ដំបូងកាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ និងរហូតមកទល់ពេលនេះបានសម្លាប់មនុស្សជាង ២លាននាក់ហើយនៅទូទាំងពិភពលោក។ ក្រុមអ្នកជំនាញរបស់ WHO កំពុងចាប់ផ្តើមការស៊ើបអង្កេតនៅនឹងកន្លែង ជាពិសេសពួកគេបានបំពេញទស្សនកិច្ច ទៅកាន់ផ្សារលក់គ្រឿងសមុទ្រ ហ័រណាន (Huanan) និងមន្ទីរពេទ្យដំបូងៗនៅទីក្រុងវូហាន ដែលបានព្យាបាលអ្នកជំងឺ COVID-19 កាលពីអំឡុងដើមឆ្នាំ២០២០ កន្លងទៅនេះផងដែរ៕