(វូហាន)៖ អ្នកជំនាញមួយក្រុមរបស់ អង្គការសុខភាពពិភពលោក (WHO) បានចាកចេញពីកន្លែងធ្វើចត្តាឡីស័ក ក្នុងទីក្រុងវូហានហើយ ដើម្បីចាប់ផ្ដើមការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតរកការពិតនៃការឆ្លងរាតត្បាត និងប្រភពដើមនៃវីរុសកូរ៉ណា COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។

ក្រុមអ្នកជំនាញ WHO ដែលត្រូវបានអាជ្ញាធរចិនតម្រូវឱ្យ ធ្វើចត្តាឡីស័ក ១៤ថ្ងៃ បន្ទាប់ពីពួកគេធ្វើដំណើរមកដល់ប្រទេសចិន ត្រូវបានគេមើលឃើញថា បានចាកចេញពីសណ្ឋាគារមួយកន្លែង និងឡើងជិះរថយន្ដក្រុងមួយ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ឱ្យបានច្បាស់ថា តើក្រុមអ្នកជំនាញទាំងនោះ ធ្វើដំណើរទៅកន្លែងណានោះទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍ ចង់ឱ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិមួយដ៏រឹងមាំ និងច្បាស់លាស់ ដើម្បីស្វែងរកប្រភពដើមនៃវីរុសកូរ៉ូណា COVID-19 នៅក្នុងប្រទេសចិន។ វីរុសកូរ៉ណាបានចាប់តាំងពីវាផ្ទុះឡើងដំបូង នៅក្នុងទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំ២០១៩។ ចំណែកឯ ក្រុមអ្នកវិទ្យាសាស្ត្រភាគច្រើនរួមទាំង WHO ធ្លាប់មានយោបល់ដូចៗគ្នាថា វីរុសកូរ៉ូណា (COVID-19) មានប្រភពដើមចេញពីសត្វ ជាពិសេសគឺទីផ្សារលក់សត្វព្រៃ និងគ្រឿងសមុទ្រនៅក្នុងទីក្រុងវូហានតែម្ដង។

ក៏ប៉ុន្តែ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តែងតែបានចោទចិនដោយគ្មានភស្តុតាងថា វីរុសនេះគឺមានប្រភពចេញពីមន្ទីរពិសោធន៍ចិន ខណៈចិនវិញបានច្រានចោលទាំងស្រុង នូវការលើកឡើងរបស់លោក ដូណាល់ ត្រាំ ហើយចាត់ទុកការចោទប្រកាន់នេះ គឺជាការកេងចំណេញនយោបាយ នៅមុនបោះឆ្នោតកាលពីឆ្នាំ២០២០៕