(ប៉េកាំង)៖ មហាយក្សចិននៅថ្ងៃព្រហស្បតិ៍នេះ បានចេញមុខដំឡើងសម្តី ព្រមានដាក់កោះតៃវ៉ាន់ជាថ្មីថា «ការចង់បានឯករាជ្យមានន័យ ស្មើនឹងចង់បានសង្រ្គាម» ហើយទីក្រុងប៉េកាំងក៏បានសង្កត់ធ្ងន់ទៀតដែរថា សកម្មភាពយោធាចិននាពេលកន្លងមកនេះ នៅក្បែរតៃវ៉ាន់ គឺជាការឆ្លើយតបចំពោះស្ថានការណ៍សន្តិសុខបច្ចុប្បន្ន នៅក្នុងតំបន់ និងដើម្បីរក្សាអធិបតេយ្យភាព ក៏ដូចជាសន្តិសុខជាតិរបស់ចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វូ ឈាន (Wu Qian) បាននិយាយថា «តៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាន របស់ប្រទេសចិន។ ការធ្វើសកម្មភាពនាពេលកន្លងមកនេះ ដោយកងយោធាចិន នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺជាសកម្មភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះស្ថានការណ៍សន្តិសុខបច្ចុប្បន្ន នៅក្នុងតំបន់នេះ និងដើម្បីរក្សាការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ចិនផ្ទាល់»

លោក Wu បានបន្តទៀតថា «សកម្មភាពកន្លងមកនេះ គឺជាការឆ្លើយតប ចំពោះការចូលជ្រៀតជ្រែកមកពីខាងក្រៅ និងចំពោះការបង្កហេតុពីសំណាក់ ក្រុមចលនាចង់បានឯករាជ្យរបស់តៃវ៉ាន់។ អ្នកនាំពាក្យក្រសួងការពារជាតិចិនរូបនេះ បានព្រមានក្រុមចលនាឯករាជ្យតៃវ៉ាន់ថា ពួកគេកំពុងតែលលេងជាមួយភ្លើង ហើយប្រឈមនឹងការរលាកខ្លួនឯង... ការចង់បានឯករាជ្យឲ្យកោះតៃវ៉ាន់ គឺមានន័យស្មើនឹងចង់បាន សង្រ្គាមសម្រាប់កោះតៃវ៉ាន់ដូចគ្នា»។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន តៃវ៉ាន់បានរាយការណ៍ពីវត្តមាន យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងចិនជាច្រើនគ្រឿង ហោះចូលទៅកាន់ជ្រុងភាគនិរតី នៃតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។ ស្របពេលជាមួយគ្នានោះ កងយន្តហោះចម្បាំងរបស់អាមេរិក ក៏បានចូលទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទផងដែរ៕